បុរសម្នាក់ត្រូវក្រុមចោរប្លន់ម៉ូតូបានសម្រេចហើយថែមមួយដាវសាម៉ូវ៉ៃកាប់ចំក្បាលស្លាប់

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយត្រូវពួក ចោរមួយក្រុម ដេញតាមកាប់ប្លន់យកម៉ូតូឡែតមួយគ្រឿង ទៅបានសម្រេច ហើយជនសង្ស័យបានយកដាវសាម៉ូវ៉ៃកាប់​ចំកណ្តាលក្បាលជាច្រើនកន្លែង ហេតុការណ៍ខាងលើសមត្ថកិច្ចមិនអាចត្រួតត្រាបានខាងលើនេះបានកើតឡើងកាលពីវេលា ម៉ោងជាង០៤ និង៤០នាទីព្រឹកព្រលឹម​ថ្ងៃទី២៩ ​ខែសីហា ​ឆ្នាំ២០១៧ នៅម្តុំផ្សារជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​

សមត្ថកិច្ចនិយាយថា បុរសរងគ្រោះឈ្មោះ ថា ហេងហត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបររត់តុនៅការ៉ាអូខេ មានស្រុកកំណើតនៅខេត្តកំពត បច្ចុប្បន្នស្នាក់នៅកន្លែងធ្វើការ។

យោងតាមប្រភពព័ត៌មានពីមិត្តភក្តីជនរងគ្រោះបានឱ្យដឹងថា ដំបូងជនរងគ្រោះទាំង២នាក់ខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាក ឡែត ពណ៌ស មិនចាំស្លាកលេខ បានជិះឌុបគ្នាដើរលេង។

ខណៈនោះ ស្រាប់តែមាន​ក្រុមជនសង្ស័យមួយក្រុម ​ជិះម៉ូតូ៨គ្រឿង បានដេញតាមកាប់ប្លន់យកម៉ូតូរបស់ពួកគេ ហើយក្នុងដៃមានកាន់ដាវសាម៉ូវ៉ៃ ស្ទើរតែគ្រប់ដៃ។ ភ្លាមៗនោះ ពួកគេ ក៏បានជិះម៉ូតូរត់គេចខ្លួនរហូតមកដល់ម្តុំផ្សារជម្ពូវ័ន ទើបក្រុមជនសង្ស័យបានដកដាវសាម៉ូវ៉ៃមួយដើម កាប់ទៅលើមិត្តភក្តីរបស់គាត់ ដែលអង្គុយខាងក្រោយចំម្រាមដៃដាច់អស់៣ និងចំកណ្តាលក្បាលជាច្រើនដាវ​ បណ្តាលឱ្យមិត្តភក្តីរបស់គាត់ រងរបួសធ្ងន់ធ្ងរ។

ភ្លាមៗនោះ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅធ្វើការសង្គ្រោះបន្ទាន់តែម្តងនៅឯមន្ទីរពេទ្យ។ ប៉ុន្តែជាអកុសល បុរសរងគ្រោះ បានស្លាប់ពេលដែលទៅដល់មន្ទីរពេទ្យ។ ចំណែកក្រុមជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះទៅបាត់តែម្តង។​

ក្រោយពេលកើតហេតុសាកសពបុរសរងគ្រោះ ត្រូវបានរថយន្តដឹកសព ដឹ​កយកមកតម្កល់នៅវត្តទឹកថ្លា​ដើម្បីរង់ចាំក្រុមគ្រួសារសាច់ញ្ញាតមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​។

រហូតមកដល់ថ្ងៃទី៣០ សីហានេះ សមត្ថកិច្ចនៅមិនទាន់ឃាត់ខ្លួនបានជនសង្ស័យណាម្នាក់នៅឡើយ៕
 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16