Bentley ចេញរថយន្តស៊េរីថ្មីតម្លៃជាង ២០ ម៉ឺនដុល្លារ ជាមួយតាប្លូបង្វិលបានបីរបៀប អស់ទាស់!

រថយន្ត Bentley ដ៏ទំនើបបំផុតត្រូវបានបង្ហាញជាមួយតាប្លូបង្វិលបានបីរបៀបលើកដំបូងបង្អស់របស់ពិភពលោក ដែលផលិតឡើងចេញពីការបំផុសគំនិតចេញពីស្លាកលេខបង្វិលបានដ៏ពេញនិយមនៃរថយន្ត Aston Martin DB5 របស់តួ James Bond។

ឧបករណ៍រាងត្រីកោណយកស្ទីលតាមនំសូកូឡា "Toblerone" ដែលបង្ហាញតាប្លូបង្វិលបានបីរបៀបផ្សេងគ្នានេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ជ្រើសរើសអេក្រង់ទំហំ ១២,៣ អ៊ីញ មួយណាក៏បាន ដើម្បីបង្ហាញផ្ទៃតាប្លូដែលចង់មើល។

ឧបករណ៍នេះមានជម្រើសតាប្លូចំនួនបីគឺផែនទី ទូរស័ព្ទ និងមេឌៀ (Media) ទូទៅ។ ប្រព័ន្ធនេះត្រូវបានផលិតជាប់ជាមួយកង្ហាត្រជាក់ដើម្បីគ្រប់គ្រងម៉ាស៊ីននិងសីតុណ្ហភាពអេក្រង់។

រថយន្ត Bentley ម៉ូដែលថ្មីម៉ាក Continental GT ជំនាន់ទីបីនេះនឹងដាក់លក់នៅលើទីផ្សារនៅឆ្នាំក្រោយក្នុងរដូវផ្ការីកជាមួយតម្លៃ ១៦០.០០០ ផោន (២០៦.៦០០ ដុល្លារ) ហើយនឹងផលិតនៅទីក្រុងគ្រូ (Crewe) ប្រទេសអង់គ្លេស។

ចាប់តាំងពីបើកលក់ដំបូងក្នុងឆ្នាំ ២០០៣ មក រថយន្ត Continental GT ចំនួន ៦៦.០០០ គ្រឿងត្រូវបានលក់ ជាមួយរថយន្តជំនាន់ទីពីរបានបើកលក់ក្នុងឆ្នាំ ២០១១។

រថយន្តនេះមានប្រវែង ១៨៩ អ៊ីញ, ទទឹង ៨៦,១ អ៊ីញ និងកម្ពស់ ៥៥,៣ អ៊ីញ។ វាមានទម្ងន់ ២,២៤៤ តោន។

ចំណែកមាស៊ីនវិញគឺប្រភេទ 6.0 litre W12 turbo-charged TSI petrol និងមានកម្លាំង ៦២៦ សេះ។ វាមានលេខអូតូ ៨ លេខ ជាមួយល្បឿន ២០៧ ម៉ាយក្នុងមួយម៉ោង (៣៣៣ គីឡូម៉ែត្រក្នុងមួយម៉ោង)។

ចំណែកសម្ទុះល្បឿនគឺ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោង ពេលជាន់កប់ភ្លាមៗ ដោយចំណាយថេរវេលា ៣,៦ វិនាទី និង ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងគឺ ដោយចំណាយថេរវេលា ៣,៧ វិនាទី។ វាស៊ីសាំង ១២ លីត្រ/១០០ គីឡូម៉ែត្រ ហើយបញ្ចេញកាបូនឌីអុកស៊ីត ២៧៨ ក្រាម/គីឡូម៉ែត្រ៕

adverise with khmeread