adverise with khmeread 1

ការ​ទស្សន៍ទាយ​របស់​អ្នកប្រាជ្ញ Albert Einstein កាលពី ១០០ ឆ្នាំមុន​អំពី​រលក​ទំនាញ​ពីរ​ណ្តៅ​ខ្មៅ​ពិតជា​ត្រឹមត្រូវ​

​ទីបំផុត​រលក​ពី​លំហ​ត្រូវបាន​រកឃើញ ដោយ​អនុញ្ញាត​ឲ្យ​ពួកយើង​បើក​ទំព័រ​សករាជ​ថ្មី​នៃ​ការស្វែងយល់​កាន់តែច្បាស់​អំពី​ចក្រវាល​របស់​យើង​។​

​ការរកឃើញ​ជា​ប្រវត្តិសាស្ត្រ​នៃ​រលក​នេះ ដែល​គេ​ស្គាល់​ថា​រលក​ទំនាញ គឺមាន​អាយុកាល​ជិត ១០០ ឆ្នាំ​មកហើយ បន្ទាប់ពី​លោក Albert Einstein បាន​ណែនាំ​ថា​រលក​នេះ​ពិតជា​មាន​មែន​។​

​ក្រុម​អ្នកស្រាវជ្រាវ​សហការ​ជាមួយនឹង​មជ្ឈមណ្ឌល​អង្កេត​រលក​ទំនាញ​ដោយ​ប្រើ​ឡាស៊ែរ​អ៊ី​ន​ធឺ​ហ្វើ​រ៉ូ​មេ​ធឺ​ដ៏​ទំនើប​ (Advanced Laser Interferometer Gravitational-Wave Observatory) ឬក៏ Advanced LIGO បានប្រកាស​អំពី​សិក្ខា​សិលា​ទាក់ទង​នឹង​ការរកឃើញ​នេះ​នៅ​ថ្ងៃទី ១១ កុម្ភៈ ម្សិលមិញ នៅក្នុង​សន្និសីតកាសែត​និង​នៅក្នុង​ឯកសារ Physical Review Letters​។​

​រលក​ទំនាញ​នេះ​មាន​ប្រភពដើម​នៅ​ចម្ងាយ​ឆ្ញា​យ​ជាង ៧៥០ លាន​ឆ្នាំ​ពន្លឺ​ឯណោះ ដែលជា​កន្លែង​ដែល​រណ្តៅ​ខ្មៅ​ពីរ (Black Hole) វិលខ្ញាល់​ដ៏​លឿន​ជាមួយគ្នា​ទៅវិញទៅមក បានធ្វើ​ឲ្យ​មាន​រំ​ញ័រ​ទៅដល់​ភព តារា និង​ផ្កាយ​កាឡាក់ស៊ី ដែល​ស្ថិតនៅក្នុង​លំហ​ជាមួយគ្នា​។

​នាយក​ប្រតិបត្តិ​មន្ទីរពិសោធន៍ LIGO លោក David Reitze បាន​និយាយ​នៅក្នុង​សន្និសីត​ព័ត៌មាន​ថា "​នេះ​ជា​លើ​ដំបូង​ហើយ ដែល​ចក្រវាល​បាន​និយាយ​ជាមួយ​យើង​តាមរយៈ​រលក​ទំនាញ​នេះ​"​។​

​ការរកឃើញ​នេះ​ហាក់ដូចជា​បានក្លាយ​ជា​បេក្ខភាព​សម្រាប់​ពានរង្វាន់​ណូបែល​មួយ​រួចទៅហើយ ពីព្រោះ​វា​បាន​ស្រាយ​នូវ​ភស្តុតាង​ដែល​គាំទ្រ​ការ​ទស្សន៍ទាយ​នៅក្នុង​ឆ្នាំ ១៩១៥ របស់លោក Einstein នៅក្នុង​ទ្រឹស្តី​ទូទៅ​នៃ​ទំនាក់ទំនង​របស់​ទំនាញ ឬ General Theory of Relativity​។​

​អ្នកវិទ្យាសាស្ត្រ​ផ្នែក​រូបវិទ្យា​និង​គីមីវិទ្យា​លោក Shane Larson នៅ​សកល​វិទ្យាល័យ Northwestern University នៅក្នុង​ទីក្រុង Evanston សហរដ្ឋអាមេរិក បាន​និយាយថា "​រលក​ទំនាញ​នេះ​អនុញ្ញាត​ឲ្យ​យើង​សម្លឹង​មើលទៅ​ចក្រវាល​មិនមែន​តែ​ជាមួយ​ពន្លឺ​នោះទេ ប៉ុន្តែ​ជាមួយ​ទំនាញ​ផងដែរ​"​។​

​រលក​ទំនាញ​នេះ អាច​បកស្រាយ​នូវ​ព័ត៌មាន​ពីរ​ណ្តៅ​ខ្មៅ និង​បាតុភូត​ដ៏​ខ្លាំងក្លា​ដែល​យើង​មិនអាច​ទទួលបាន​តាមរ​យៈ​កែវ​យឺត​បែប​បុរាណ​។

​ជាមួយនឹង​ការរកឃើញ​នេះ សករាជ​នៃ​វិស័យ​តារាសាស្ត្រ​នៃ​រលក​ទំនាញ​បានចាប់ផ្តើម​ហើយ​៕

 

adverise with khmeread
ប្រភព៖ sciencenews,dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់