រថយន្តដឹកទឹកកក សង្ស័យងោកមួយភាំង ជ្រុលបុកក្បាលនាគរបាំងថ្មចែកទ្រូងផ្លូវ២កង់និងបាក់បង្គោលភ្លើងបំភ្លឺផ្លូវ ១ ដើម

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកកពេញ សង្ស័យងងុយដេកងោកមួយភាំងភ្ញាក់មកវិញស្រាប់តែក្បាលរថយន្តជ្រុលទៅបុកក្បាលនាគរបាំងថ្មចែកទ្រូង ផ្លូវ២កង់ និងបាក់បង្គោលភ្លើងបំភ្លឺផ្លូវ១ដើម បណ្តាលឱ្យរថយន្តខ្ទេចក្បាលខាង និងរបួសអ្នកបើកបរបាក់ភ្លៅខាងឆ្វេង ត្រូវបានរថយន្តសាមុយទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមៈ។

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៤ ខែកញ្ញា ២០១៧ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីមុខអនុវិទ្យាល័យនិងបឋមសិក្សាពោធិ៍ចិនតុង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

សាក្សីនិយាយថា រថយន្តបង្កម៉ាក ហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-3479 បើកបរដោយបុរសម្នាក់មិនទាន់ឈ្មោះស្គាល់ វ័យប្រហែល៣០ឆ្នាំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញ រថយន្តបង្កខាងលើបើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុដោយសារតែអ្នកបើកបររថយន្តងោកមួយភាំងរេចង្កូតទៅខាងឆ្វេងទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឱ្យបាក់អស់២កង់រួមទាំងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមទៀតបាក់ទ្រេតដល់ដី។

ចំណែកឯរថយន្តបង្ករងការខូចខាត់ផ្នែកខាងមុខយ៉ាងដំណំ រីឯអ្នកបើកបររងរបួសបាក់ភ្លៅខាងឆ្វេងត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមៈ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

adverise with khmeread