កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់មីស៊ីលកំញើញកូរ៉េខាងជើង ដែលទើបសាកល្បងគ្រាប់បែកអ៊ីដ្រូសែនជោគជ័យ

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា កូរ៉េខាងត្បូងបានបើកសមយុទ្ធមីស៊ីលកាលពីកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ដើម្បីឆ្លើយតបទៅនឹងការបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែនរបស់ក្រុងព្យុងយ៉ាង។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងនេះបានបន្ថែមដោយដកស្រង់ពីនាយសេនាធិការចម្រុះយ៉ាងដូច្នេះថា យោធាកូរ៉េខាងត្បូងបានបើកសមយុទ្ធវាយប្រហារទីតាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង​ដោយបាញ់ទីតាំងប្រឌិតនៅសមុទ្រខាងកើត។

នាយសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា សមយុទ្ធយោធាមានរួមបញ្ចូលមីស៊ីលកម្ទេចយន្តហោះរយៈចម្ងាយឆ្ងាយនិងមីស៊ីលផ្លោង។

សេចក្ដីថ្លែងការណ៍នោះបាននិយាយថា "ការហ្វឹកហាត់នេះគឺជាការឆ្លើយតបទៅនឹងការធ្វើតេស្តនុយក្លេអ៊ែរលើកទីប្រាំមួយរបស់កូរ៉េខាងជើង...និងពាក់ព័ន្ធនឹងមីស៊ីល Hyunmoo និងយន្តហោះចម្បាំង F-15K របស់ប្រទេស (កូរ៉េខាងត្បូង)"។

យោធាកូរ៉េខាងត្បូងបាននិយាយថា ចម្ងាយទីតាំងប្រឌិតគឺស្មើនឹងទីតាំងធ្វើតេស្តនុយក្លេអ៊ែរ Punggye-ri នៅខេត្តភាគខាងជើងប្រទេសកូរ៉េខាងជើង។

ការធ្វើតេស្តនេះបានកើតឡើងបន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្តនុយក្លេអ៊ែរដ៏មានឥទ្ធិពលកាលពីថ្ងៃអាទិត្យម្សិលមិញ ដែលរំលោភសេចក្តីសម្រេចអង្គការសហប្រជាជាតិ ដែលពួកគេបាននិយាយថា ជាគ្រាប់បែកអ៊ីដ្រូសែនកម្រិតខ្ពស់សម្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ៕



adverise with khmeread