លូកហោប៉ៅនៅភ្នំពេញបាន​ ៣ ដង នៅតាខ្មៅ ២ ដង ជាប់ខ្នោះ២នាក់

កណ្តាល ៖ ស្ត្រី២នាក់ជាមុខសញ្ញាជំនាញលូកហោប៉ៅ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាពលួចលុយ (លូកហោប៉ៅលួចលុយ និងទូរស័ព្ទ) នាថ្ងៃទី០៣ កញ្ញា ២០១៧ ម៉ោង១០ និង៣០នាទីនៅចំណុច​ផ្សារតាខ្មៅចាស់ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ និងមិនបានដាក់ពាក្យបណ្តឹង។ ចំណែកជនល្មើស ២ នាក់៖ ១-ឈ្មោះគីម ស្រីម៉ៅ ភេទស្រី អាយុ៣០ឆ្នាំជនជាតិខ្មែរ មានស្រុកកំណើត នៅ ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្ន​ ស្នាក់​នៅផ្ទះ​ជួលភូមិប៉ប្រកខាងជើង សង្កាត់កាកាបខ័ណ្ឌពោធិ៍សែនជ័យមុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន) និង២- ឈ្មោះ អឿន សម័យ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមានស្រុកកំណើត នៅភូមិជើងទឹក ស្រុកស្វាយអន្ទរ ខេត្ត​ព្រៃវែង បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួលភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ​មិនពិតប្រាកដ​ (ឃាត់ខ្លួន)។

វត្ថុ​តាងចាប់យក៖ -ប្រាក់រៀលចំនួន ១៥៦.១០០រៀល, -ទូរស័ព្ទដៃចំនួន២គ្រឿង (ម៉ាក SAMSUNG ពណ៌សរបស់ជនរងគ្រោះនិងម៉ាក true ពណ៌​ ​ខ្មៅ​របស់ជនល្មើស), -កូនកាបូបស្ពាយចំនួន២ (ពណ៌​ក្រហម១ និងពណ៌ឈាមជ្រូក​១)។

ប៉ូលិសបន្តថា ពេលដែលជនរងគ្រោះកំពុងតែអង្គុយទិញអាវជជុះដោយដាក់ លុយ និងទូរស័ព្ទនៅក្នុងហោប៉ៅអាវក្រៅ។ ពេលនោះ​ ស្រាប់តែជនល្មើសទាំងពីរនាក់ បានបន្លំទៅអង្គុយក្បែររកទិញអាវដែរ ហើយឆ្លៀត​ពេលជនរងគ្រោះកំពុងតែរវល់រើសអាវជនល្មើស​ឈ្មោះ ​គីម ស្រីម៉ៅ បានធ្វើសកម្មភាព​លួចយកលុយនិងទូរស័ព្ទរបស់ជនរងគ្រោះ​ ហើយបានហុចទៅឱ្យបក្ខពួកឈ្មោះ​ អឿន សម័យ ដើរចេញ​បានប្រហែល២០ម៉ែត្រក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្តង។

រីឯជនរងគ្រោះមិនបានដឹងថាមានចោរលូកហោប៉ៅអាវរបស់ខ្លួន​ទេបានចាកចេញទៅបាត់រកមិនឃើញឡើយ។ នៅចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​ទាំងពីរនាក់បានឆ្លើយសារភាព​ថាខ្លួន និងបក្ខពួក​ធ្លាប់បានធ្វើសកម្មភាព​លួចលូកហោប៉ៅ​គេចំនួន៥ដងមកហើយគឺនៅតាខ្មៅ២ដង និងនៅភ្នំពេញចំនួន​៣ដង ដោយលើកចុងក្រោយនៅតាខ្មៅ​ក៏ត្រូវសមត្ថកិច្ចឃាត់​ខ្លួន​បានតែម្តង៕

adverise with khmeread