ព្រាបមួយហ្វូងឃើញស្រូវក្រោមដើមឈើ នាំគ្នាចុះទៅស៊ី ក៏ជាប់សំណាញ់...រឿងរ៉ាវកើតឡើងបន្ទាប់ ធ្វើឱ្យអ្នកប្រមាញ់ កប់យោបល់!!!

មានគ្រាមួយ សត្វព្រាបមួយហ្វូង បាននាំគ្នាហោះហើរស្វែងរកចំណី ដែលដឹកនាំដោយស្តេចរបស់វា។ ថ្ងៃមួយ ពួកវាបានហោះដល់ទីសែនឆ្ងាយ ហើយក៏អស់កម្លាំងរៀងៗខ្លួន។ ស្ដេចព្រាបបានលើកទឹកចិត្តព្រាបទាំងនោះឱ្យហោះឆ្ងាយថែមបន្តិចទៀត។ ព្រាបតូចជាងគេបំផុតស្តាប់ឮដូច្នេះ ក៏បានបង្កើនល្បឿនហើយក៏រកឃើញស្រូវរាយប៉ាយក្រោមដើមឈើក្បែរបឹង។ ដូច្នេះ ព្រាបទាំងអស់ក៏នាំគ្នាចុះទៅស៊ីស្រូវ។

រំពេចនោះសំណាញ់ក៏ធ្លាក់គ្របពីលើពួកវា ហើយពួកវាបានជាប់អន្ទាក់ទាំងអស់។ ពួកវាឃើញអ្នកប្រមាញ់កំពុងដើរមករកពួកវា ជាមួយដៃកាន់កាំភ្លើងវែង។ សត្វព្រាបទាំងអស់ចាប់ផ្តើមទទះស្លាបយ៉ាងខ្លាំង ដើម្បីប្រឹងរើចេញពីសំណាញ់ ប៉ុន្តែពុំមានប្រយោជន៍អ្វីទាំងអស់។ ស្តេចព្រាបមានគំនិតល្អមួយ។ ស្តេចព្រាបបានណែនាំសត្វព្រាបទាំងអស់ឱ្យហោះឡើងលើជាមួយគ្នាដើម្បីនាំទាំងសំណាញ់ឡើងលើមេឃជាមួយគ្នា។ ស្តេចព្រាបនិយាយថា សាមគ្គីគ្នាទើបយើងមានកម្លាំងខ្លាំង។

សត្វព្រាបនីមួយៗបានពាំចុងសំណាញ់ហើយពួកវាបានទទះស្លាបហើរចេញជាមួយគ្នាដោយនាំយកទាំងសំណាញ់ទៅជាមួយយ៉ាងសំពីងសំពោង។ អ្នកប្រមាញ់បានសម្លឹងមើលទៅហ្វូងព្រាបទាំងភ្ញាក់ផ្អើល។ អ្នកប្រមាញ់បានព្យាយាមដេញតាមពួកព្រាប ប៉ុន្តែពួកវាហោះខ្ពស់ពេករហូតដល់លើកំពូលភ្នំនិងជ្រលងដងអូ។ ពួកវាបានហោះទៅដល់ភ្នំក្បែរតំបន់ប្រាសាទបុរាណ ដែលមានសត្វកណ្តុរមួយរស់នៅ និងអាចជួយពួកវាបាន។ កណ្តុរនោះជាមិត្ដដ៏ស្មោះត្រង់របស់ស្ដេចព្រាប។

នៅពេលដែលកណ្តុរឮសំឡេងរំខានយ៉ាងខ្លាំងនៃហ្វូងព្រាបដែលធ្លាក់ចុះដល់ដី កណ្តុរនោះភ្ញាក់ផ្អើល រួចក៏រត់ពួន។ ស្ដេចព្រាបបានហៅកណ្តុរនោះយ៉ាងទន់ភ្លន់ ហើយពេលនោះកណ្តុរនោះរីករាយជាខ្លាំង ដែលបានឃើញស្តេចព្រាប។ ស្ដេចព្រាបបានបកស្រាយថា ពួកខ្លួនបានជាប់អន្ទាក់ហើយត្រូវការកណ្តុរជួយ ដោយប្រើធ្មេញដ៏មុតស្រួចរបស់វា ខាំផ្តាច់ចុងសំណាញ់ខាងក្រៅ ដើម្បីរំដោះពួកខ្លួនចេញពីសំណាញ់។

កណ្តុរយល់ស្រប ដោយនិយាយថា វានឹងឱ្យស្តេចព្រាបរួចខ្លួនមុនគេ។ ស្តេចព្រាបបានទទូចថា រំដោះកូនចៅព្រាបចេញជាមុនសិន ចាំរំដោះស្តេចចុងក្រោយគេ។ កណ្តុរយល់ពីអារម្មណ៍របស់ស្តេចព្រាប ហើយធ្វើតាមបំណងប្រាថ្នារបស់ស្តេចព្រាបនោះ។ កណ្តុរចាប់ផ្ដើមខាំផ្តាច់សំណាញ់ហើយឱ្យកូនចៅចេញម្តងមួយៗរហូត សល់ត្រឹមស្ដេចព្រាប ចេញក្រោយគេ។

ពួកព្រាបទាំងអស់បានអរគុណកណ្តុរ ហើយក៏ហោះចេញទៅសម្បុកវាវិញជាមួយគ្នាដូចសព្វមួយដង។

គំនិតអប់រំ ៖ នៅពេលអ្នកធ្វើការរួមដៃគ្នា អ្នកនឹងកាន់តែខ្លាំង៕

adverise with khmeread