ចាប់ទះកំផ្លៀងសិស្សរះពេញមួយថ្នាក់ គ្រាន់តែមិនចេះសូត្យកំណាព្យ!

គ្រូមធ្យមសិក្សាម្នាក់មកពីទីក្រុងហឺហ្វៃ ខេត្តអានហួយ ត្រូវបានបញ្ឈរឈ្មោះនិងទទួលការព្រមានផ្នែករដ្ឋបាល បន្ទាប់ពីវីដេអូមួយបង្ហាញពីរូបគាត់បានទះកំផ្លៀងសិស្ស ៣៨ នាក់។ នេះបើយោងតាមអាជ្ញាធរអប់រំក្នុងតំបន់។

គ្រូបង្រៀនរូបនេះបានសុំអភ័យទោសជនរងគ្រោះនិងក្រុមគ្រួសាររបស់ពួកគេ ប៉ុន្តែការិយាល័យអប់រំក្នុងតំបន់និងមន្ទីរអប់រំខេត្តកំពុងស៊ើបអង្កេតករណីដ៏ចម្រូងចម្រាស់នេះ។

កាលពីថ្ងៃទី ១ ខែកញ្ញានេះ សិស្សម្នាក់នៅថ្នាក់ទី ៨ ក្នុងតំបន់ជាយក្រុងឆាងហ្វឺង បានលួចថតដោយសម្ងាត់នូវទិដ្ឋភាព គ្រូបង្រៀនរបស់គាត់ឈ្មោះ ចាងហៃថាវ បានឈរនៅចំពោះមុខថ្នាក់រៀននិងទះកំផ្លៀងសិស្សចំកណ្ដាលមុខម្ដងម្នាក់ៗ នៅពេលពួកគេមិនអាចរំឮកនូវកំណាព្យបុរាណមួយចំនួនដូចការស្នើរបស់គ្រូ។ វីដេអូនេះបានល្បីពាសពេញបណ្ដាញសង្គមចាប់តាំងពីពេលនោះមក។

អាណាព្យាបាលសិស្សជាច្រើនបានច្រានចោលការសុំអភ័យទោសរបស់គ្រូបង្រៀនរូបនេះ។

សិស្សម្នាក់បាននិយាយថា គាត់ពិតជារន្ធត់ចិត្តនៅថ្ងៃនោះ ហើយខ្មាស់អៀនដែលត្រូវបានទះកំផ្លៀងនៅចំពោះមុខមិត្តរួមថ្នាក់។

លោកគ្រូចាងធ្លាប់បង្រៀនថ្នាក់មធ្យមសិក្សានៅតំបន់ជនបទ ហើយត្រូវគេស្គាល់ចំពោះការបង្រៀនដ៏ល្អរបស់គាត់។ គាត់ទើបតែចាប់ផ្ដើមបង្រៀននៅឆាងហ្វឺងក្នុងឆ្នាំថ្មីនេះទេ។

នាយកសាលាលោក ស៊ុនថាវ បាននិយាយថាគាត់ពិតជាភ្ញាក់ផ្អើលដោយដឹងអំពីការទះកំផ្លៀងសិស្សបែបនេះ។ លោកបានថ្លែងថា "លោកចាងមានបទពិសោធន៍បង្រៀនជាច្រើនឆ្នាំ។ គាត់គួរតែដឹងថា ការធ្វើបែបនេះមិនអាចទទួលយកបាន"។

គ្រូបង្រៀនមកពីឆាងហ្វឺងឈ្មោះ កាវអូឆុន បាននិយាយថា មន្ទីរអប់រំខេត្តបញ្ជាក់ជារៀងរាល់ឆ្នាំថា ការដាក់ទោសបែបនេះត្រូវបានហាមឃាត់៕

 

 

adverise with khmeread