មិនមែនបង្រៀនលំៗយកតែលុយទេ...គឺទិញសុទ្ធតែរថយន្តតម្លៃរាប់លានក្នុងមួយគ្រឿង ទុកឱ្យនិស្សិតរៀនដោះហើយផ្គុំចូលឡើងវិញ

យោងតាមសេចក្ដីរាយការណ៍របស់កាសែតមួយបានឱ្យដឹងថា មហាវិទ្យាល័យមួយនៅចិនភាគកណ្ដាលបានទិញរថយន្តទំនើបជាង ២០ គ្រឿងដោយរួមបញ្ចូលម៉ាក Maserati និង Porsche ដែលមានតម្លៃជាង ១០ លានយ័ន (១,៥ លានដុល្លារអាមេរិក) ដូច្នេះនិស្សិតរបស់ខ្លួនអាចដោះរថយន្តនិងរៀបបញ្ចូលវិញ ខណៈជាផ្នែកនៃការសិក្សារបស់ពួកគេ។

កាសែត Wuhan Evening News បានរាយការណ៍ថា រថយន្តទាំងនោះត្រូវបានទិញដោយមហាវិទ្យាល័យ Wuchang Polytechnic College សម្រាប់ប្រើប្រាស់ដោយនិស្សិតជំនាញជួសជុលរថយន្តទំនើប។

ម៉ាករថយន្តផ្សេងទៀតដែលត្រូវបានទិញដោយមហាវិទ្យាល័យនេះមានរួមបញ្ចូល Land Rover, Ferrari និង BMW។

អត្ថបទកាសែតខាងលើបាននិយាយថា គោលបំណងនោះគឺដើម្បីអនុញ្ញាតឱ្យនិស្សិតធ្វើការលើយានយន្តទាំងនេះ និងស្វែងយល់បានច្បាស់ពីការរចនារបស់រថយន្ត។

លៀវយ័នជីន សាស្ត្រាចារ្យទទួលបន្ទុកមុខវិជ្ជានេះត្រូវបានស្រង់សម្ដីដោយនិយាយថា "ដើម្បីជួយនិស្សិតរៀនពីសមត្ថភាពដែលមានតម្រូវការខ្ពស់ពីទីផ្សារ មហាវិទ្យាល័យរបស់យើងបានសាងសង់មជ្ឈមណ្ឌលមួយដែលមានលើផ្ទៃដី ៤៦០០ ម៉ែត្រការ៉េ"។

រថយន្តទាំងនេះត្រូវបានដាក់បង្ហាញនៅថ្ងៃបង្រៀនទីមួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយទាក់ទាញនិស្សិតជាច្រើន៕
 

adverise with khmeread