Inter Milan គ្រោងចងជើង Ivan Perisic តាមរយ:ការផ្តល់កិច្ចសន្យាថ្មី ដើម្បីរារាំងការតាមប្រម៉ាញ់របស់ Man Utd

          បើតាម​សេចក្តីរាយការណ៍​នៅ​អ៊ីតាលីថា ក្លឹប Inter Milan គ្រោង​ផ្តល់​កិច្ច​សន្យា​ថ្មី​ដល់កីឡាករ Ivan Perisic ក្នុងបំណង​រារាំងពី​ការតាមប្រម៉ាញ់របស់ក្លឹប Man Utd ។

          ខ្សែបម្រើ​ស្លាបសញ្ជាតិក្រូអាត​រូប​នេះ​ស្ថិតក្នុងចំណាប់អារម្មណ៍​របស់​ក្រុម​បិសាច​ក្រហម​ពេញមួយរដូវក្តៅ​ ប៉ុន្តែ​លោក Jose Mourinho ខកខានមិនបាន​សម្រេច​គោលដៅ​ផ្ទេរ​នេះ។

          Man Utd បានដាក់សំណើ​៣៩លានផោន​ ដើម្បីផ្ទេរ​ខ្សែបម្រើ​ស្លាប​រូប​នេះ​មក​កាន់​ពហុកីឡាដ្ឋាន Old Trafford ប៉ុន្តែ​ក្លឹបនៅក្របខណ្ឌអ៊ីតាលី Serie A នេះ​មិន​បាន​ត្រៀម​ខ្លួន​បញ្ចុះតម្លៃ​ទាបជាង​៤៨លានផោន​នោះទេ។

            ជាមួយនឹងកិច្ច​ព្រមព្រៀងនេះ Perisic ​នឹងទទួល​បាន​ប្រាក់ឈ្នួល​ ៤,១ លានផោន​ក្នុងមួយឆ្នាំ​ហើយនឹងចងជើង​កីឡាករ​រូបនេះនៅ​ពហុកីឡាដ្ឋាន San Siro ដល់​ឆ្នាំ​២០២២។

            Perisic បានចាប់ផ្តើម​រដូវកាល​ថ្មី​ជាមួយក្លឹប Inter បើទោះបីជា​មាន​ការ​បារម្ភ​ថា កិច្ចព្រមព្រៀងផ្ទេរនៅរដូវក្តៅនេះ​អាចប៉ះពាល់ដល់​ទម្រង់លេង​របស់​ កីឡាករ​វ័យ២៨ឆ្នាំ​រូប​នេះក៏ដោយ៕

adverise with khmeread