adverise with khmeread Lupercalia2

ទិវា​នៃ​ក្តី​ស្រឡាញ់​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃ ១៤ កុម្ភៈ បន្ទាប់ពី​លោក Valentine ត្រូវបាន​ស្តេច​រ៉ូ​ម៉ាំង​កាត់​ក្បាល​

​    ​នៅ​ថ្ងៃទី ២៤ ខែកុម្ភៈ ក្នុង​រង្វង់​ឆ្នាំ ២៧៨ នៃ​គ​.​ស​. លោក​វ៉ា​លេន​ថា​ញ (Valentine) សង្ឃ​រ៉ូ​ម៉ាំង​កាតូលិក​ក្នុង​ទីក្រុង​រ៉ូម​របស់​ចក្រភព​រ៉ូ​ម៉ាំង​នា​យុគសម័យ​របស់​ព្រះ​ចៅ​អធិរាជ​ក្លោ​ឌៀ​ស ទី​២ (Claudius II) ត្រូវបាន​កាត់ទោស​ប្រហារជីវិត​។ 

​     ក្រោម​ការដឹកនាំ​របស់​ព្រះបាទ​ក្លោ​ឌៀ​ស ជា​ក្សត្រ​ដ៏​ឃោរឃៅ រាជធានី​រ៉ូម​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​យុទ្ធនាការ​ដ៏​បង្ហូរឈាម​និង​គ្មាន​ការស្វាគមន៍​ពី​រាស្ត្រ​ជា​បន្តបន្ទាប់​។ ព្រះ​ចៅ​អធិរាជ​អង្គ​នេះ​ត្រូវតែ​រក្សា​ឲ្យ​បាន​នូវ​កងទ័ព​ដ៏​ខ្លាំងក្លា​មួយ ប៉ុន្តែ​បាន​ជួប​ពេលវេលា​ដ៏​លំបាក​ក្នុងការ​ធ្វើ​ឲ្យ​ទាហាន​ចូលរួម​ជាមួយ​សម្ព័ន្ធ​យោធា​របស់​ទ្រង់​។ ស្តេច​ក្លោ​ឌៀ​ស​ជឿថា ពួក​ប្រុសៗ​របស់​ចក្រភព​រ៉ូ​ម៉ាំង​គ្មាន​ឆន្ទៈ​ចូល​បម្រើកងទ័ព​នោះទេ ដោយសារតែ​ការផ្សាភ្ជាប់​ទំនាក់ទំនង​យ៉ាងខ្លាំង​ក្លា​របស់​ពួកគេ​ជាមួយ​ភរិយា និង គ្រួសារ​។

 

​    ​ដើម្បី​លុបបំបាត់ចោល​បញ្ហា​នេះ ព្រះបាទ​ក្លោ​ឌៀ​សបាន​ហាម​ឃាត​រាល់​អាពាហ៍ពិពាហ៍ និង ការភ្ជាប់​ពាក្យ​ទាំងឡាយ​ក្នុង​ទីក្រុង​រ៉ូម​។ លោក​វ៉ា​លេន​ថា​ញ ដែល​ជ្រៀប​អំពី​ភាពអយុត្តិធម៌​នៃ​ព្រះរាជក្រឹត្យ​នេះ បាន​ផ្គើន​នឹង​ស្តេច​ក្លោ​ឌៀ​ស និង​បាន​បន្ត​ជួយ​រៀបចំ​ពិធី​រៀបការ​ឲ្យ​គូស្នេហ៍​ក្មេងៗ​ជាសម្ងាត់​។ 

​    ​នៅពេល​ទង្វើ​របស់លោក​វ៉ា​លេន​ថា​ញ​ត្រូវបាន​គេ​រកឃើញ ស្តេច​ក្លោ​ឌៀ​សបាន​បញ្ជា​ឲ្យ​កាត់ទោស​លោក​វ៉ា​លេន​ថា​ញ​ប្រហារជីវិត​។ លោក​វ៉ា​លេន​ថា​ញ​ត្រូវបាន​ចាប់ខ្លួន ហើយ​អូស​យកមក​ដាក់​នៅ​ចំពោះ​ព្រះ​ភ័​ក្រ​របស់​ព្រះ​ចៅ​អធិរាជ​ក្លោ​ឌៀ​ស រួច​ទ្រង់​ក៏បាន​បញ្ជា​ឲ្យ​គេ​វាយដំ​រូបលោក​ជាមួយនឹង​ដំបង ហើយ​កាត់​ក្បាល​បោះចោល​តែម្តង​។ ការកាត់ទោស​ប្រហារជីវិត​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី ១៤ ខែកុម្ភៈ ប្រហែល​នៅ​រង្វង់​ឆ្នាំ ២៧០​។ 

​    ​តាម​រឿងព្រេង​ក៏បាន​ដំណាល​ថា ខណៈ​កំពុង​ស្ថិតក្នុង​គុក លោក​វ៉ា​លេន​ថា​ញ​បាន​បន្សល់ទុក​លិខិត​បណ្តាំ​ចុងក្រោយ​មួយ​សម្រាប់​កូនស្រី​របស់​មេ​គុក ដែល​ក្លាយជា​មិត្ត​របស់លោក និង​បាន​ចា​រលើ​ខ្នង​លិខិត​នោះ​ថា "​ពី​វ៉ា​លេន​ថា​ញ​របស់​អ្នក​"​។ 

​    ​ដោយសារតែ​ទឹកចិត្ត​របស់លោក​ចំពោះ​គូស្នេហ៍​វ័យក្មេង​ទាំងនោះ លោក​វ៉ា​លេន​ថា​ញ​ក៏​ត្រូវគេ​ដាក់ឈ្មោះថា បុព្វ​ជិត បន្ទាប់ពី​មរណភាព​របស់លោក​។ 

​    ​ការពិត ប្រភពដើម​ជាក់លាក់ និង អត្តសញ្ញាណ​របស់​បុព្វ​ជិត​វ៉ា​លេន​ថា​ញ (St. Valentine) គឺ​មិន​ច្បាស់លាស់​នោះទេ​។ យោងតាម​សព្វវចនាធិប្បាយ​កាតូលិក Catholic Encyclopedia "​យ៉ាងហោចណាស់​ក៏មាន Saint Valentine បី​រូប​ផ្សេងៗ​គ្នា​ដែរ ដែល​សុទ្ធសឹង​ជា​ទុក្ករបុគ្គល (​បុគ្គល​ដែល​រង​ទុក្ខ​ដល់​ស្លាប់​ខ្លួន​) ត្រូវបាន​រៀបរាប់​ក្នុង​ប្រវត្តិកាល​ដំបូង​នៃ​គ​.​ស​.​ក្រោម​កាលបរិច្ឆេទ​ថ្ងៃទី ១៤ កុម្ភៈ​"​។ St. Valentine ទីមួយ​គឺជា​សង្ឃ​កាតូលិក​ក្នុង​ទីក្រុង​រ៉ូម​, St. Valentine ទី​ពីរ​គឺ សង្ឃរាជ​ក្នុង​ទីក្រុង អ៊ី​ន​ធឺ​រ៉ា​មណា (Interamna--​សព្វថ្ងៃ​គឺជា​ទីក្រុង Terni ក្នុងប្រទេស​អ៊ីតាលី​) និង St. Valentine ទី​បី​គឺជា​ទុក្ករបុគ្គល​ក្នុង​ខេត្ត​អា​ហ្វ្រិ​ចកា (Africa) របស់​ចក្រភព​រ៉ូ​ម៉ាំង​។ 

​    ​រឿងព្រេង​ផ្សេងៗ​ជាច្រើន​និយាយ​មិន​ដូចគ្នា​នោះទេ​ត្រង់ចំណុច​ដែលថា ឈ្មោះ​របស់លោក​វ៉ា​លេន​ថា​ញ​មាន​ទំនាក់ទំនង​ជាមួយនឹង​ស្នេហា​។ កាលបរិច្ឆេទ​នៃ​មរណភាព​របស់លោក​ប្រហែល​បាន​ចូលមក​ឡូកឡំ​ជាមួយនឹង​បុណ្យ​មួយ​ហៅថា Feast of Lupercalia ជា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​របស់​មនុស្ស​ដែល​គ្មាន​សាសនា​។ នៅក្នុង​ឱកាស​នៃ​បុណ្យ​នេះ ឈ្មោះ​ស្ត្រី​វ័យក្មេងៗ​ត្រូវ​បានដាក់​នៅក្នុង​ប្រអប់​មួយ ដែល​ទុក​ឲ្យ​បុរសៗ​ចាប់យក​ដើម្បី​ជា​ឱកាស​ជ្រើសរើស​គូស្នេហ៍​។ ក្នុង​ឆ្នាំ ៤៩៦ នៃ​គ​.​ស​. សម្តេច​ប៉ាប ហ្គេ​ល​ឡា​សឺ​ស (Gelasius) បានសម្រេច​បញ្ចប់​បុណ្យ Feast of Lupercalia ហើយ​ទ្រង់​បានប្រកាស​ឲ្យ​យក​ថ្ងៃទី ១៤ ខែកុម្ភៈ​ប្រារព្ធ​ជា​ទិវា St Valentine's Day ឬ ទិវា​នៃ​ក្តី​ស្រឡាញ់​។ 

​    ​ក្រោយៗ​មកទៀត ថ្ងៃទី ១៤ ខែកុម្ភៈ​បាន​ក្លាយជា​កាលបរិច្ឆេទ​សម្រាប់​ផ្លាស់ប្តូរ​សារ​ស្នេហា កំណាព្យ និង កាដូ​សាមញ្ញៗ​ដូចជា​ផ្កា ឲ្យ​គ្នា​ទៅវិញទៅមក​រហូតដល់​សព្វថ្ងៃ​៕  

   ​

adverise with khmeread
ប្រភព៖ history

មតិយោបល់