ស្វាមួយហ្វូងងាប់ "គាំងបេះដូង" ភ្លាមៗ ដោយសារខ្លាបន្លាច

សត្វស្វាជាច្រើនក្បាលត្រូវបានគេប្រទះឃើញងាប់នៅក្នុងព្រៃមួយនៅក្នុងប្រទេសឥណ្ឌា ជាមួយអ្នកឯកទេសខាងពេទ្យសត្វបានអះអាងថា ពួកវាគាំងបេះដូងជាបន្តបន្ទាប់ ក្រោយពីពួកវាត្រូវខ្លាបំភ័យ។

អ្នកស្រុកបានរកឃើញសត្វស្វានៅក្នុងពេលកំពុងកាប់ឆ្ការព្រៃ ហើយភ្ញាក់ផ្អើលខ្លាំងចំពោះការងាប់ស្វាមួយហ្វូងទាំងហ្វូងបែបនេះ។

ដោយសង្ស័យថាស្វាទាំងនេះត្រូវបានបំពុល ការធ្វើកោសលវិច្ច័យ ត្រូវបានធ្វើឡើង ដោយបង្ហាញថា ពួកវាទាំងអស់នោះគាំងបេះដូងក្នុងពេលតែមួយ។

ក្រុមគ្រូពេទ្យសត្វក្នុងតំបន់ Kotwali Mohammadi នៃរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌាបានធ្វើការស៊ើបអង្កេតនេះ។

គ្រូពេទ្យសត្វ ឈ្មោះ Sanjeev Kumar បាននិយាយថា "សេចក្តីបញ្ជាក់នៅក្នុងរបាយការណ៍ក្រោយធ្វើកោសលវិច្ច័យបង្ហាញថា ស្វាទាំងនោះបានងាប់ដោយសារតែគាំងបេះដូង។ ស្វាអាចងាប់ដោយសារតែសំឡេងគ្រហឹមរបស់ខ្លា ព្រោះខ្លាចូលចិត្តដើរឆ្លងកាត់តំបន់នោះញឹកញាប់"។

បុគ្គលិកផ្នែកព្រៃឈើបានរកឃើញស្វាទាំងនេះកាលពីថ្ងៃចន្ទទី១១កញ្ញាហើយវីដេអូដ៏សង្វេគបានបង្ហាញពួកគេកំពុងប្រមូលយកសាកសពច្រកនៅក្នុងការ៉ុង។

អ្នកភូមិបានរាយការណ៍ថាសត្វខ្លាជាញឹកញាប់បានមកតំបន់នោះហើយគេឮសំឡេងគ្រហឹមរបស់ខ្លានៅពេលដែលស្វាទាំងនេះងាប់។

ទោះយ៉ាងណា អ្នកជំនាញសត្វព្រៃបានរិះគន់ចំពោះការអះអាងថាស្វាងាប់ដោយសារគាំងបេះដូង ដោយលើកឡើងថា សត្វទាំងនោះទំនងជាងាប់ដោយការឆ្លងមេរោគ។

វេជ្ជបណ្ឌិត Brijendra Singh ជាពេទ្យសត្វជើងចាស់ម្នាក់បានប្រាប់កាសែត The Times of India ថា "សត្វស្វាគឺជាសត្វព្រៃហើយពួកវាមិនងាប់តាមរបៀបនេះទេ។ ស្វាទាំងអស់នោះអាចនឹងឆ្លងមេរោគ ទើបងាប់ដូច្នេះ"៕

adverise with khmeread