ដំណឹងល្អពេកក្រៃ! ប៊ិកពិនិត្យមហារីកដឹងភ្លាមត្រឹមរយៈពេល ១០ វិនាទី នឹងមាននៅតាមមន្ទីរពេទ្យក្នុងឆ្នាំ ២០១៨

ឧបករណ៍ថ្មីមួយអាចរកឃើញថាដុំសាច់ជាមហារីកឬក៏អត់ត្រឹមរយៈពេលតែ ១០ វិនាទីប៉ុណ្ណោះ ហើយគួរតែមានប្រើនៅក្នុងបន្ទប់វះកាត់យ៉ាងយូរត្រឹមឆ្នាំ ២០១៨។

ប៊ិកពិនិត្យមហារីក ដែលគេហៅថា MasSpec Pen ត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យតិចសាសអូស្ទីន (University of Texas Austin) ហើយវានឹងអាចធ្វើរោគវិនិច្ឆ័យដឹងភ្លាមៗនៅចុងម្រាមដៃរបស់គ្រូពេទ្យវះកាត់ ខណៈដែលពួកគេកំពុងធ្វើការវះកាត់លើអ្នកជំងឺ។

នៅពេលប្រើវា វេជ្ជបណ្ឌិតនឹងដាក់ប៊ិកនៅលើជាលិការបស់អ្នកជំងឺហើយឱ្យវាពិនិត្យសមាសភាពម៉ូលេគុលរបស់ជាលិកាពីរបីវិនាទី។ បន្ទាប់មកពាក្យមួយក្នុងចំណោមពីរពាក្យនឹងបង្ហាញនៅលើអេក្រង់កុំព្យូទ័រគឺពាក្យ "ធម្មតា" ឬ "មហារីក" ។

ក្រុមអ្នកជំនាញសង្ឃឹមថាឧបករណ៍នេះនឹងជួយឱ្យគ្រូពេទ្យវះកាត់អនុវត្តដំណើរការវះកាត់របស់ខ្លួនដោយមានសុវត្ថិភាពជាងមុន លឿនជាងមុន និងច្បាស់លាស់ជាងមុន ដោយហេតុថាពួកគេអាចមានលទ្ធភាពយកចេញជាលិកាមហារីកទាំងអស់ពីអ្នកជំងឺក្នុងពេលតែមួយ។

ពួកគេនិយាយថាវាអាចបន្ថយចំនួនអ្នកជំងឺដែលលាប់ឡើងវិញបន្ទាប់ពីបានយកចេញជាលិកាមហារីកហើយត្រូវការវះកាត់បន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ៕

adverise with khmeread