adverise with khmeread Get rich

នេះ​គឺជា​របៀប​ ដែល​មនុស្ស​វ័យក្មេង​អាច​ក្លាយជា​អ្នកមាន​

​ពីមុន មានតែ​បុរស និង​ស្ត្រី​វ័យ​ចំណាស់​ប៉ុណ្ណោះ​ទើប​អាច​ក្លាយជា​សេដ្ឋី​។ សព្វថ្ងៃនេះ មនុស្ស​វ័យក្មេង​ក៏​អាច​ក្លាយជា​សេដ្ឋី​បានដែរ នេះ​គឺ​ដោយសារតែ​ការរួមចំណែក​ពី​បច្ចេកវិជ្ជា និង​អ៊ី​ន​ធឺ​ណេ​ត ដែលជា​ប្រភព​ចែករំលែក​ព័ត៌មាន​ល្អៗ និង​ចំណេះដឹង​ផ្សេងៗ​ដល់​ពួកគេ​ដើម្បី​ស្វែងរក​ភាពជោគជ័យ​។ ក្រៅពីនេះ នៅមាន​កត្តា​ជាច្រើន​ទៀត ដែល​ជួយ​ឲ្យ​មនុស្ស​វ័យក្មេង​សម្រេចបាន​គោលដៅ​ហិរញ្ញវត្ថុ​របស់ខ្លួន​។ 

១- ការភ្ជាប់​បណ្តាញ​ទំនាក់ទំនង​
​ក្រៅពី​ត្រូវ​ភ្ជាប់​បណ្តាញ​ទំនាក់ទំនង​ជាមួយ​អ្នកមាន អ្នក​ក៏ត្រូវ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ម​នុស្ស​ដែលមាន​គោលដៅ​ស្រដៀង​នឹង​អ្នក​ផងដែរ​។ ក្រៅពី​ពួកគេ អ្នក​ក៏​មិនត្រូវ​បោះបង់ចោល​អតីត​មិត្ត​រួម​ថ្នាក់ អតីត​អ្នកធ្វើការ​ជាមួយ ដៃគូ​ជំនួញ និង​សាស្ត្រាចារ្យ​នោះឡើយ ព្រោះ​អ្នកនឹង​រៀនសូត្រ​បាន​ច្រើនណាស់​ពី​ពួកគេ​។ វិធី​ភ្ជាប់​ទំនាក់ទំនង​នេះ​អាច​ធ្វើបាន​តាមរយៈ​វេ​ប​សាយ​បណ្តាញ​សង្គម ប៉ុន្តែ​អ្នក​ក៏​ចាំបាច់​ត្រូវធ្វើ​ទំនាក់ទំនង​ផ្ទាល់​ផងដែរ មិនត្រូវ​ឲ្យ​ខាន​នោះឡើយ​។ 

២- វ៉ៃ​លុក​ចំណុចខ្សោយ​របស់​អ្នកទិញ​
​អ្នកទិញ​ភាគច្រើន​នឹង​រឹតតែ​ចំណាយ​ច្រើន​ដោយសារតែ​ការផ្សាយពាណិជ្ជកម្ម​ទាក់​ទាញ ដែល​ចម្រុះ​ពណ៌​គួរ​ឲ្យ​ចាប់អារម្មណ៍​។ ពួក​អ្នកជំនួញ​ដឹងថា​មនុស្ស​ជំនាន់​ថ្មី​ចូលចិត្ត​អ្វីដែល​កំពុង​ពេញនិយម ឬ​របស់​និយម​តៗ​គ្នា​។ ពួកគេ​សម្រុក​ធ្វើ​យុទ្ធសាស្ត្រ​ក្នុង​រឿងនេះ​។ អ៊ីចឹង​ហើយ​បានជា​ពួកគេ​កាន់​តែមាន ព្រោះ​អ្នកមាន​ទិញ​អ្វីដែល​ពួកគេ​ត្រូវការ រីឯ​អ្នកក្រ​ទិញ​អ្វីដែល​ធ្វើ​ឲ្យ​អ្នកមាន​កាន់តែ​មាន​។ 

៣- សន្សំ​ដើម្បី​វិនិយោគ​
​ការ​សន្សំ​លុយ​នៅ​ជំនាន់​បច្ចេកវិជ្ជា​នេះ​អាចជា​របាំង​មួយ​រារាំង​ដល់​ការរីកចម្រើន​អាជីព​ការងារ​របស់​មនុ​ស្សវ័យ​ក្មេង ហើយ​ណាមួយ​ការងារ​សម័យ​ឥឡូវ​ក៏​ពិបាក​រក​ថែមទៀត​សម្រាប់​មនុស្ស​វ័យក្មេង​។ ប៉ុន្តែ​មានការ​ងារ​តូចៗ​ច្រើនណាស់​ដែល​អ្នក​អាចធ្វើ​បាន ហើយ​ការងារ​ខ្លះ​អាច​ធ្វើបាន​ពី​ផ្ទះ​ថែមទៀត​។ អ្នក​ត្រូវតែ​រក​ការងារ​ធ្វើ​ដើម្បី​សន្សំ​ប្រាក់​សម្រាប់​វិនិយោគ​លើ​អ្វីៗ​ដែល​ថ្មី​ជាច្រើន​ទៀត​។  

៤- ជ្រើសរើស​ការងារ​រប​ស់​អ្នក​ឲ្យ​ឆ្លាត​វៃ​
​ជាការ​ពិត និយាយ​គឺ​ងាយស្រួល​ជាង​ធ្វើ​។ ការស្វែងរក​ការងារ​ឲ្យ​ឆ្លាត​វៃ​គឺ​មិន​ងាយស្រួល​នោះទេ យើង​ត្រូវ​ស្វែងរក​តាម​វេ​ប​សាយ​ជាច្រើន និង​ត្រូវ​ទទួល​ដំបូន្មាន​ពី​មនុស្ស​ជាច្រើន​ដើម្បី​សម្រេចចិត្ត​។ ប៉ុន្តែ​អ្នក​នៅតែ​អាច​ស្វែងរក​ការងារ​ល្អ​ធ្វើបាន តាមរយៈ​ការស្វែងរក​ព័ត៌មាន​ពិត​អំពី​ការងារ​ដែល​អ្នក​ស្រឡាញ់ និង​កុំ​សូវ​ជឿ​ពាក្យ​ចចាមអារ៉ាម​ពេក​។ ហើយ​មួយវិញទៀត ពេល​សម្រេចចិត្ត​ជ្រើសរើស​ការងារ​គឺ​កុំ​ធ្វើតាម​អារម្មណ៍​ឲ្យ​សោះ និង​ត្រូវ​ចាំ​ថា​ត្រូវតែ​ផ្អែកលើ​អ្វីដែល​អ្នក​ដឹងថា​ជាការ​ពិតជា​និច្ច​ទាក់ទង​នឹង​ការងារ​មួយ​នោះ​។ 

៥- ស្វែងយល់​ពី​មនុស្ស​វ័យក្មេង​ដែល​បាន​ក្លាយជា​អ្នកមាន​
​ដូចដែល​យើង​បានដឹង​ហើយ មនុស្ស​វ័យក្មេង​ជំនាន់​បច្ចុប្បន្ន​ជាច្រើន​អាច​ក្លាយជា​សេដ្ឋី​បាន​ទាំង​នៅ​វ័យ​ជំទង់ ដោយ​អ្នកខ្លះ​អាច​ឈានទៅ​ក្លាយជា​សេដ្ឋី​លុយ​ពាន់​លាន​ទៀតផង​។ រឿងរ៉ាវ​របស់លោក​ម៉ាក ហ្សា​ក់​ឃឺ​បឺ​ក (Mark Zuckerberg) អាចមាន​គេ​ស្គាល់​ច្រើន និង​អាច​បំផុសទឹកចិត្ត​មនុស្ស​វ័យក្មេង​ជាច្រើន ដោយសា​រវេ​ប​សាយ​បណ្តាញ​សង្គម Facebook របស់លោក​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​មកលើ​ជីវិត​មនុស្ស​ទូទាំង​ពិភពលោក​។ សព្វថ្ងៃ​លោក​គឺជា​អ្នកមាន​បំផុត​មួយរូប​ក្នុង​ពិភពលោក ដែលមាន​ទ្រព្យសម្បត្តិ​សរុប ២០ ពាន់​លាន​ដុល្លារ  ហើយ​រឿងរ៉ាវ​របស់លោក​ក៏ត្រូវ​បាន​គេ​តែង​សម្រាប់​ភាពយន្ត​ផងដែរ ដែលមាន​ឈ្មោះថា "The Social Network"​។ 

​អ្នក​អាច​រៀនសូត្រ​ពី​អ្នក​ទាំងនោះ ថា​តើ​ពួកគេ​បង្វឹក​ការគិត​យ៉ាងម៉េច​ដើម្បី​ក្លាយជា​អ្នកមាន តើ​អ្វី​ទៅ​ដែល​ជម្រុញ​ទឹកចិត្ត​ពួកគេ​រកឃើញ​គំនិតល្អ​ទាំងនោះ និង​តើ​ពួកគេ​ប្រើ​យុទ្ធសាស្ត្រ​បែបណា​ដើម្បី​សម្រេចបាន​គោលដៅ​របស់ខ្លួន​។ 

៦- គោលដៅ​នឹង​ជម្រុញ​ឲ្យ​អ្នក​ឆ្ពោះទៅមុខ​ជានិច្ច​
​អ្នក​ត្រូវតែ​ប្តេជ្ញាចិត្ត​ធ្វើ​អ្វីដែល​អ្នក​ចង់​បំផុត​ក្នុង​ជីវិត ទើប​អ្នក​អាចមាន​ទឹកចិត្ត​រៀបចំ​គម្រោង​អំពី​របៀប​ឈានដល់​គោលដៅ​ទាំងនោះ​។ ប៉ុណ្ណឹង​ក៏​នៅ​មិនទាន់​គ្រាប់​គ្រាន់​ដែរ អ្នក​ត្រូវតែ​រក​ចំណុច​ជម្រុញ​លើកទឹកចិត្ត​ពី​គោលដៅ​រយៈពេល​ខ្លី​នានា​របស់​អ្នក និង​បន្ត​រក្សា​ការតាំង​ចិត្ត​ដើម្បី​សម្រេច​វា​ឲ្យ​បាន​រៀងរាល់ថ្ងៃ​។ 

៧- វេ​ប​សាយ​គឺជា​មាស​
​មិន​ថា​គោលដៅ​អាជីវកម្ម​របស់​អ្នក​គឺជា​អ្វី​នោះទេ គឺ​អ្នក​មិនត្រូវ​ចោល​វេ​ប​សាយ​នោះឡើយ​។ វេ​ប​សាយ​មាន​វិសាលភាព​ទូលំទូលាយ និង​មាន​ប្រយោជន៍​ណាស់​នៅលើ​សកលលោក​នេះ​។ អ្នក​អាច​ស្វែងរក​ឱកាស​ធ្វើ​បណ្តាញ​ទំនាក់ទំនង ធ្វើ​ទីផ្សារ ស្វែង​ឱកាស​អាជីវកម្ម​នានា ស្វែងរក​មូលនិធិ ស្រាវជ្រាវ​ទីផ្សារ ស្រាវជ្រាវ​ការប្រកួតប្រជែង​នៅលើ​វេ​ប​សាយ​បាន​។ មនុស្ស​ជាច្រើន​ពឹងផ្អែក​វេ​ប​សាយ​ឲ្យ​ធ្វើ​រឿង​ទាំងអស់នេះ​ដោយ​មិនចាំបាច់​ខំប្រឹងប្រែង​ខ្លាំងពេក​នោះទេ​។ 

៨- ត្រូវ​ស៊ាំ​នឹង​ការតស៊ូ​!
​ការគិត​អំពី​អនាគត​របស់​អ្នក​គឺជា​រឿង​មួយ​។ ការធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​សម្រេច​គោលដៅ​ដែល​អ្នក​បានកំណត់​សម្រាប់​ខ្លួនឯង​គឺជា​រឿង​គួរ​យកចិត្តទុកដាក់​ខ្លាំង​បំផុត​។ ប្រសិនបើ​អ្នក​ក្រឡេកមើល​កាលវិភាគ​របស់​មហាសេដ្ឋី​វ័យក្មេង អ្នកនឹង​ឃើញ​ពួកគេ​ធ្វើការ ១០ ទៅ ១២ ម៉ោង​ក្នុង​មួយថ្ងៃ ហើយ​ថែមទាំង​រីករាយ​នឹងធ្វើ​វា​ថែមទៀត​។ ការ​ខ្ជិលច្រអូស​នឹងមិន​ជួយ​អ្នក​ឲ្យ​ឈានទៅដល់​គោលដៅ​របស់​អ្នក​បានទេ អ្នក​ត្រូវតែ​ត្រៀមខ្លួន​ដើម្បី​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ចាំបាច់​ជាច្រើន​។ អ្នក​នៅ​ក្មេង អ្នក​នៅមាន​កម្លាំង​ច្រើន ដូច្នេះ​ត្រូវ​រៀន​ស៊ាំ​នឹង​ការតស៊ូ​ពី​ឥឡូវ​ទៅ​។ 

៩- ប្រើប្រាស់​ភាព​យុវវ័យ​ឲ្យ​មានប្រៀប និង​មាន​ប្រយោជន៍
​ប្រាកដ​ណាស់ មនុស្ស​វ័យក្មេង​តែង​ជួប​ការមិន​ពេញចិត្ត និង​ការ​ចំអកឡកឡឺយ​ពី​អ្នកជំនួញ​វ័យចាស់​ជាង ប៉ុន្តែ​អ្នក​មិនគួរ​ទុក​ឲ្យ​រឿងនេះ​បំបាក់ទឹកចិត្ត​របស់​អ្នក​នោះទេ​។ ពួកគេ​ពិតជា​មានបទពិសោធន៍​ជាង​អ្នក​មែន​ប៉ុន្តែ​អ្នក​យល់​ពីរ​បត់​ពិភពលោក​ថ្មី​ច្បាស់​ជាង​ពួកគេ និង​ថែមទាំង​អាច​ធ្វើការ​មួយថ្ងៃ ១៥ ម៉ោង គេង ៥-៦ ម៉ោង រួច​ក្រោក​ឡើង​ធ្វើការ​បាន ១៥ ម៉ោង​ជាប់​គ្នា​ទៀត​។ 

​មានរឿង​ច្រើនណាស់​ដែល​មនុស្ស​វ័យក្មេង​អាចធ្វើ​បានល្អ​ជាង​មនុស្ស​វ័យ​ចំណាស់​។ រឿង​មួយ​ក្នុងចំណោម​នោះ​គឺ​ការ​ដែលមាន​ភាពប៉ិនប្រសព្វ​ដ៏​អស្ចារ្យ​ក្នុងការ​សម្រប​ខ្លួន និង​រៀនសូត្រ​អ្វីដែល​ថ្មី​។ ត្រូវ​ពឹង​ផ្អែកលើ​ភាព​យុវវ័យ​របស់​អ្នក​ដើម្បី​រៀនសូត្រ​ពីបទ​ពិសោធន៍ និង​ទទួលយក​គំនិត​អាជីវកម្ម​ថ្មីៗ ហើយ​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​ពី​អាជីព​របស់​អ្នក និង​កុំ​បណ្តែតបណ្តោយ​ឲ្យ​ខ្លួនឯង​ត្រូវបាន​បំភិតបំភ័យ​ពី​ពួក​អ្នកជំនួញ​ចាស់ៗ​ទាំងនោះ ឬក៏​អ្វី​ផ្សេងទៀត​ឲ្យ​សោះ​។ 

១០- ការភ័យខ្លាច​គឺជា​សត្រូវ​
​មានរឿង​មួយចំនួន​ដែល​អាច​បំផ្លាញ​ឱកាស​របស់​អ្នក​ក្នុងការ​ក្លាយជា​អ្នកមាន នោះ​គឺ​ការភ័យខ្លាច​ក្នុងការ​សាកល្បង​។ លេស​ដោះសារ​ពេញនិយម​បំផុត​គឺ "​ខ្ញុំ​នៅ​ក្មេង​ណាស់​" ហើយ​លេស​នេះ​គឺ​អាក្រក់​ជាងគេ​ក្នុងចំណោម​លេស​ដោះសារ​ជាច្រើន​ទៀត​។ មិនមែន​ដោយសារតែ​អ្នក​នៅ​ក្មេង​អ្នក​ពុំមាន​គំនិត​អាជីវកម្ម​អស្ចារ្យ​នោះទេ​។ ប្រសិនបើ​អ្នក​មិន​ខ្វល់​អ្វី​បន្តិច​ផង​នោះ តើ​ឲ្យ​នរណា​មក​ខ្វល់​រឿង​របស់​អ្នក​។ កុំ​ឲ្យ​ការភ័យខ្លាច​មករា​រាំង​សក្តានុពល​របស់​អ្នក​ក្នុងការ​បង្កើត​គំនិត​អាជីវកម្ម​ដ៏​អស្ចារ្យ​។ 

​យុវវ័យ​គឺ​ពោរពេញ​ទៅដោយ​សក្តានុពល ហើយ​វា​គឺជា​កាតាលីករ​ល្អ​បំផុត​ដើម្បី​ផ្លាស់ប្តូរ​។ មនុស្ស​វ័យក្មេង​គឺជា​ដើមចម​នៃ​គំនិត​បដិវត្តន៍ និង​ការផ្លាស់ប្តូរ​ក្នុង​ពិភពលោក ហើយ​អ្នក​មិនគួរ​ទុក​ឲ្យ​ខ្លួនឯង​ជឿថា អ្នក​មិនមាន​សក្តានុពល​ក្នុងការ​សម្រេច​អ្វីមួយ​បាន​នោះទេ​៕  

 

​ប្រភព​៖ ឡាយ​ហ៊ែ​ក​

adverise with khmeread

មតិយោបល់