គ្រាន់តែដាក់ទណ្ឌកម្មភ្លាម កូរ៉េខាងជើងប្រើ Hacker វាយប្រហារប្រព័ន្ធហិរញ្ញឌីជីថលដើម្បីលួចលុយភ្លែត!

ក្រុមហ៊ុនសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេតកំពូលមួយនិយាយថា ក្រុម Hacker ជាប់ពាក់ព័ន្ធនឹងកូរ៉េខាងជើងកំពុងបង្កើនការប៉ុនប៉ងក្នុងការលួចពី Bitcoin ដើម្បីយកលុយឱ្យរបប គីមជុងអ៊ុន។

យោងតាមរបាយការណ៍ថ្មីមួយពីក្រុមហ៊ុន FireEye ឱ្យដឹងថា Bitcoin និងទម្រង់ផ្សេងៗទៀតនៃប្រាក់និម្មិត ដែលគេស្គាល់ជារូបិយបណ្ណសម្ងាត់ ធ្វើឱ្យកូរ៉េខាងជើងចាប់អារម្មណ៍ខណៈសហរដ្ឋអាមេរិកបន្តដាក់ទណ្ឌកម្មអន្តរជាតិក្នុងគោលបំណងដាក់ប្រទេសនេះឱ្យនៅឯកោបន្ថែមទៀត។

លោក Bryce Boland ប្រធានផ្នែកបច្ចេកវិជ្ជានៅក្រុមហ៊ុន FireEye មានមូលដ្ឋាននៅប្រទេសសិង្ហបុរីបាននិយាយថា "ទណ្ឌកម្មប្រឆាំងប្រទេសកូរ៉េខាងជើងហាក់ដុតបញ្ឆេះសកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណេតរបស់ពួកគេ។ ការវាយប្រហារលើទីផ្សាររូបិយវត្ថុឌីជីថល អាចជាវិធីអស្ចារ្យបំផុតដើម្បីទទួលបាននូវអ្វីដែលជារូបិយវត្ថុដ៏លំបាកបំផុត"។

ក្រុមហ៊ុន FireEye និយាយថា ខ្លួនបានកត់សម្គាល់ឃើញការវាយប្រហារចំនួន៣មកលើទីផ្សាររូបិយវត្ថុឌីជីថលរបស់កូរ៉េខាងត្បូងដែលបានកើតឡើងរវាងខែឧសភា និងកក្កដា ដែលការវាយប្រហារទាំងនេះជាប់ពាក់ព័ន្ធនឹងពួក Hacker របស់កូរ៉េខាងជើង។ ការកើនឡើងក្នុងសកម្មភាពទាំងនេះបានចាប់ផ្ដើមភ្លាមៗបន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនមានគម្រោងបង្កើនទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង។

មួយ Bitcoin នាពេលបច្ចុប្បន្នមានតម្លៃជាង ៤.៣០០ ដុល្លារ ដែលកើនពីជាង ១.០០០ ដុល្លារនៅដើមឆ្នាំនេះ៕

adverise with khmeread