បុរសម្នាក់ស្រវឹងបើករថយន្ត បុករនាំងស័ង្កសីការដ្ឋានខ្ទេច

ភ្នំពេញ ៖ បុរសម្នាក់ ស្រវឹងធ្លាក់ភ្នែក បើករថយន្ត ម៉ាកម៉ែកស័រដែសយ៉ាងលឿន រេចង្កូតទៅបុករនាំងស័ង្កសី ដែលគេដាក់បាំងការ ដ្ឋានសំណង់របស់ក្រុម SCG បង្កឱ្យមានការភ្ញាក់ផ្អើល ឡើងកាលពីវេលា ម៉ោង២ និង៣០នាទី រំលងអធ្រាត្រឈាន ចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុច ទល់មុខស្ថានីយ៍បូមទឹកត្រឡោកបែក តាមបណ្តោយផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

រថយន្តបង្កម៉ាក ម៉ែកស័រដែស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-2185 ដែលបើកបរ ដោយបុរសម្នាក់ មិនស្គាល់ឈ្មោះ រត់គេចខ្លួនបាត់ដោយបន្សល់រថយន្តនៅកន្លែងកើតហេតុ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្តបង្កបើកបរ តាមបណ្តោយផ្លូវ៣១៧ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនដូចហោះ។

លុះដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែក រថយន្តបង្ក បម្រុងបត់ឆ្វេងទៅផ្លូវ៥៩៨ កែងផ្លូវ ៣១៥ តែបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុករនាំងស័ង្កសី ដែលគេដាក់ បាំងការដ្ឋាន សំណង់របស់ ក្រុមហ៊ុន SCG បណ្តាលឱ្យបាក់ ខូចខាត ទាំងស្រុង។ ចំណែកឯរថយន្ត រងការខូចខាតផ្នែក ខាងមុខយ៉ាងដំណំ ភ្លាមនោះ អ្នកបើកបរ រថយន្តបង្កបាន បើកទ្វារថយន្ត រត់គេចខ្លួនបាត់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកធ្វើការ ស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីរងចាំម្ចាស់រថយន្ត ចូលខ្លួនមក ដោះស្រាយ នៅពេលក្រោយ៕

 

adverise with khmeread