សម្លាប់​ស្ត្រី​ម្នាក់ ច្រក​កា​រ៉ុង​យកទៅ​បោះចោល...ចាប់ឃាតករបាននៅកំពត

កំពង់ឆ្នាំង ៖ ករណីឃាតកម្មសម្លាប់​ស្ត្រី​ម្នាក់ ច្រក​កា​រ៉ុង​យកទៅ​បោះចោល នៅ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឥឡូវត្រូវបានកម្លាំង​ប៉ូលិសខេត្តកំពត ចាប់​ជនដៃដល់​បាន​ហើយនៅ​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ រួចប្រគល់ជនដៃដល់​ឱ្យប៉ូលិសខេត្តកំពង់ឆ្នាំង ចាត់ការ​បន្តតាមច្បាប់។

ប៉ូលិសនិយាយថា ជនសង្ស័យ​ឈ្មោះ ប៉ាត ចន្ទ​វត្ថា អាយុ៣០ឆ្នាំ ស្រុកកំណើត​ភូមិ​ពោ​ធិ៍ ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ហើយ​សព្វថ្ងៃ​នៅផ្ទះ​លេខ ៨២ ផ្លូវ​លេខ២ ភូមិ១០ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ភ្នំពេញ មុខរបរ រត់​តាក់ស៊ី និង​ជា​និពន្ធ​នាយក នៅ​មជ្ឈមណ្ឌល​ព័ត៌មាន​ឆាយា​អង្គរ។

ប៉ូលិសក៏បាន​ដកហូត​រថយន្ត Highlander ពណ៌​ស្ករ ស្លាក​លេខ 2R-3182 PP នៅ​ភោជនីយដ្ឋាន​ហេង​រស្មី មុនពេល​ទៅ​ឃាត់​ជនសង្ស័យ នៅ​រមណី​ដ្ឋា​ន ណា​តា​យ៉ា ក្នុងភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ នៅ​ពេលល្ងាច​។

សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង៣និង៣០រសៀល​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ មាន​ករណី​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​លើ​ស្ត្រី​ម្នាក់ ដែល​ត្រូវ​ឃាតក​កាប់​លើ​ផ្ទៃមុខ​ជាច្រើន​កាំបិត ហើយ​ច្រក​កា​រ៉ុង យកមក​ថ្លុ​ង​ចោល ក្បែរ​ប្រឡាយទឹក ក្នុងស្រុក​កំពង់ត្រឡាច តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥។

លោក ម៉ាត់ លី អធិការប៉ូលិស​ស្រុក​កំពង់ត្រឡាចបាន​ឱ្យដឹងថា ស្ត្រី​រងគ្រោះ​មានគ្រួសារ​នៅ​រាជធានី​ភ្នំពេញ ហើយ​បានមក​ធ្វើការ​នៅ​ជា​កម្មការិនី​កាត់ដេរ នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល។

លោក ម៉ាត់ លី បាន​បន្តទៀតថា ករណី​សម្លាប់​ស្ត្រី​រងគ្រោះ​រូបនេះ ដោយ​ផ្តើមចេញពី​រឿង​ប្លន់​លុយ តែ​លោក​មិនទាន់បាន​បញ្ជាក់​លម្អិត​នៅឡើយ៕

adverise with khmeread