adverise with khmeread Crossing your legs

មូលហេតុ ៤ យ៉ាងបញ្ជាក់ថាអង្គុយគងទាក់ខ្លាមិនល្អសម្រាប់អ្នកទេ

ការស្រាវជ្រាវនានាបានរកឃើញថា ការអង្គុយគងទាក់ខ្លាពិតជាមិនល្អទេសម្រាប់អ្នក តែវាអាស្រ័យលើកត្តាច្រើន ដែលកត្តាសំខាន់បំផុតគឺថាតើអ្នកគងទាក់ខ្លាយូរប៉ុនណា និងគងញឹកញាប់ប៉ុនណា។ 

១- ការអង្គុយគងទាក់ខ្លាធ្វើឲ្យកើនសម្ពាធឈាមបណ្តោះអាសន្ន
ការសិក្សាខ្នាតតូចផ្សេងៗជាច្រើនត្រូវបានធ្វើឡើងដើម្បីពិនិត្យមើលរឿងនេះ។ ការសិក្សាភាគច្រើនបានបញ្ជាក់ថា ទម្លាប់អង្គុយបែបនេះគឺពិតជាបង្កើននូវសម្ពាធឈាមរបស់អ្នក ប៉ុន្តែមានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ។ ទោះយ៉ាងណា ការអង្គុយគងទាក់ខ្លានឹងមិនបង្កឲ្យឡើងសម្ពាធឈាមខ្ពស់នោះទេ។ 

២- ការអង្គុយគងទាក់ខ្លាអាចបង្កឲ្យឈឺខ្នង និងក
យោងតាមអ្នក​ព្យាបាល​ផ្នែក​រាងកាយ លោកស្រី Vivian Eisenstadt បានឲ្យដឹងថា អ្នកនឹងឈឺខ្នង និងកប្រសិនបើអ្នកអង្គុយគងទាក់ខ្លាញឹកញាប់។ លោកស្រីបានលើកឡើងថា ត្រគាកបានរមួលចូលគ្នាបន្តិច នៅពេលអង្គុយគងទាក់ខ្លា និងអាចបង្កឲ្យមានអតុល្យភាពក្នុងឆ្អឹងត្រគាក។ ប្រការនេះនឹងដាក់សម្ពាធលើឆ្អឹងខ្នង ហើយចុងក្រោយនឹងនាំឲ្យឈឺខ្នង និងក នៅពេលក្រោយ។ 

៣- ការអង្គុយគងទាក់ខ្លាត្រូវបានផ្សារភ្ជាប់ទៅនឹងការឡើងប៉ោងសរសៃឈាមខ្មៅ
ការឡើងប៉ោងសរសៃឈាមភាគច្រើនគេបន្ទោសទៅលើការឈររយៈពេលយូរ តំណរពូជ និងការប៉ះនឹងកំដៅព្រះអាទិត្យ ប៉ុន្តែការអង្គុយគងទាក់ខ្លាក៏មានទំនួលខុសត្រូវចំពោះការធ្វើឲ្យសរសៃឈាមឡើងប៉ោងផងដែរ។ 

លោកវេជ្ជបណ្ឌិត Madyoon បានលើកឡើងថា "ការអង្គុយគងទាក់ខ្លាបង្កើនសម្ពាធលើសរសៃឈាមខ្មៅ ដែលមានទំនួលខុសត្រូវក្នុងការបញ្ជូនឈាមត្រឡប់ទៅបេះដូងវិញ។ សម្ពាធនៃជើងម្ខាងគងលើជើងម្ខាងទៀតបានបង្អាក់លំហូរឈាមរបស់អ្នក ដែលអាចធ្វើឲ្យចុះខ្សោយ ឬខូចសរសៃឈាមខ្មៅក្នុងជើងរបស់អ្នក។ ប្រសិនបើសរសៃឈាមខ្មៅត្រូវបានបំផ្លាញ ឬធ្វើឲ្យចុះខ្សោយ ឈាមអាចធ្លាយចូលសរសៃឈាមខ្មៅ និងពូនផ្តុំនៅទីនោះ ដោយបណ្តាលឲ្យសរសៃឈាមខ្មៅឡើងប៉ោង ឬរលាកយ៉ាងធ្ងន់ធ្ងរ"។   

៤- ការអង្គុយគងទាក់ខ្លាបង្កឲ្យខូចសរសៃប្រសាទ
ដូចដែលយើងបានដឹងមកហើយ សរសៃប្រសាទនៅត្រង់កណ្តៀតក្អមគឺជាសរសៃប្រសាទធំបំផុតក្នុងរាងកាយមនុស្ស ហើយវាលាតសន្ធឹងពីខ្នងផ្នែកខាងក្រោមរហូតដល់ជើងរបស់យើង។ ដៃមួយនៃសរសៃប្រសាទត្រង់កណ្តៀតក្អមគឺសរសៃប្រសាទនៅត្រង់ឆ្អឹងស្មងជើង។ រាល់សម្ពាធលើសរសៃប្រសាទត្រង់ឆ្អឹងស្មងជើង ដូចជាការអង្គុយគងទាក់ខ្លាជាដើម អាចបង្កស្ពឹក និងឈឺឆៀបៗ ហើយការគងរយៈពេលយូរគឺពិតជាអាចបង្កឲ្យខូចសរសៃប្រសាទបាន៕  

adverise with khmeread

មតិយោបល់