រថយន្តព្រួសបុកជាមួយម៉ូតូ ២ គ្រឿងចំកណ្តាលស្តុបត្រសក់ផ្អែមកែងផ្លូវម៉ៅសេងទុងរបួសធ្ងន់ស្រាល ៤ នាក់

ភ្នំពេញ ៖ យុវជនម្នាក់បើករថយន្តម៉ាកព្រួសយ៉ាងលឿនមកដល់ស្តុបត្រសក់ផ្អែមកែងផ្លូវម៉ៅសេងទុងស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន មិនបង្អង់ល្បឿនក៏ជ្រុលបុកម៉ូតូ២គ្រឿង បណ្តាលឱ្យមនុស្សប្រុសចំនួន៤នាក់ រងរបួសធ្ងន់ស្រាល និងបង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៤ និង២០នាទីទៀបភ្លឺថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញយុវជនម្នាក់បើករថយន្តព្រួសពណ៌ទឹកប្រាក់មានស្លាកលេខភ្នំពេញ2AP.0454បានបើកតាមបណ្តោយផ្លូវព្រះត្រសក់ផ្អែម(៦៣) ទិសដៅពីជើងទៅត្បូងយ៉ាងលឿន។

ខណៈមកដល់កន្លែងកើតហេតុក៏បានបុកម៉ូតូ២គ្រឿងមួយម៉ាកនិច ពណ៌ស មានស្លាក លេខភ្នំពេញ 1BX.8770 ជិះគ្នា២នាក់ និងម៉ូតូមួយទៀត ម៉ាកស្គុបពី ពណ៌សលាយក្រហម មានស្លាកលេខភ្នំពេញ 1GK.5317 ជិះគ្នា២នាក់តាមបណ្តោយផ្លូវម៉ៅសេងទុងទិសដៅពីកើតទៅលិចជិះទទឹមគ្នា។

គ្រោះថ្នាក់នេះបណ្តាលឱ្យរងរបួសធ្ងន់ស្រាលទាំងបួននាក់ ត្រូវបានរថយន្តសង្រ្គោះដឹកទៅមន្ទីពេទ្យសង្រ្គោះភ្លាមៗ។ ចំណែករថយន្ត និងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកសម្រួលចរាចរណ៍ និងទំនាក់ទំនងទៅចរាចរណ៍ខណ្ឌចំការមន និងសហការជំនាញចរាចរណ៍ក្រុងមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក ដើម្បីដោះស្រាយនៅថ្ងៃក្រោយ៕

adverise with khmeread