សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះបិទហាងខារ៉ាអូខេ ចំនួន៣ហាង តាមផ្លូវ ២០០៤

ភ្នំពេញ ៖ ហាងខារ៉ាអូខេចំនួន៣កន្លែង ដែលស្ថិតនៅតាមផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រោយពីអាជ្ញាធរ ចុះបិទផ្អាកអាជីវកម្មម្តងរួចមកហើយ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ កន្លងមក ដោយមិនទាន់អនុញ្ញាតឱ្យបើកវិញផង ស្រាប់តែស្ងាត់ៗ បែរជាមកលួចបើក ដោយចិត្តឯង ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្នសាជាថ្មី កាលពី វេលាម៉ោង៤រសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។

មន្ត្រីអាជ្ញាធរ បានឱ្យដឹងថា កន្លងមក កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ មានហាងខារ៉ាអូខេចំនួន៥ កន្លែងផ្សេងគ្នា ត្រូវបាន គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ក្នុងហេតុផល ហាងទាំងនោះ ពុំបានគោរពកិច្ចសន្យា បង្កបញ្ហា អសន្តិសុខ ក្នុងមូលដ្ឋាន បុគ្គលិកហាងនិមួយៗ ដេញហៅ ចាប់ម៉ូយ តាមផ្លូវគ្មានសណ្តាប់ធ្នាប់ បង្កជម្លោះទើបអាជ្ញាធរសម្រេចចុះបិទផ្អាកបណ្តោះអាសន្ន។

ប៉ុន្តែ ក្រោយពីបិទផ្អាកហាងទាំងនោះ រហូតមកដល់ពេលនេះ អាជ្ញាធរ មិនទាន់ទាំងអនុញ្ញាតឱ្យបើកវិញផង ស្រាប់តែ ម្ចាស់ហាងទាំងនោះ លួចបើក អាជីវកម្មស្ងាត់ៗ ចំនួន៣នាក់ ទី១ ហាងឈ្មោះ ស្រី លំដាប់ និង២ហាងទៀត មិនទាន់លើក ស្លាកយីហោនៅឡើយ ហើយនៅបន្តឱ្យបុគ្គលិក ឈរចាំចាប់ហៅម៉ូយតាមផ្លូវ បង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ដដែល។

ទើបនៅល្ងាចថ្ងៃទី២៨ ខែកញ្ញា នេះក្រោយពី ឃើញថា ម្ចាស់ហាងលួចបើកអាជីវកម្មស្ងាត់ៗ ត្រូវបាន គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក យិន គា នាយករដ្ឋបាលខណ្ឌ កម្លាំងប៉ូលិស អាវុធហត្ថ កម្លាំងសន្តិសុខ អាជ្ញាធរ ភូមិ សង្កាត់ ចុះបិទហាងចំនួន៣កន្លែងផ្សេងគ្នាសាជាថ្មី និងដកហូតសម្ភារៈ មួយចំនួនទៀត យកទៅរក្សាទុកនៅសាលាខណ្ឌ រង់ចាំសម្រេចជាក្រោយ៕

adverise with khmeread