adverise with khmeread 1

ប្លន់​យក​ម៉ូតូ​ពី​ស្ត្រី​ម្នាក់​បានសម្រេច​រួច​យកទៅ​ផ្ញើ​ចៃដន្យ​ជនរងគ្រោះ​ទៅ​ពេទ្យ​ប្រទះឃើញ​ចោរ​ប្តឹង​អាវុធហត្ថ​ក្របួច​បាន​ម្នាក់​

   ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​ជាច្រើន​នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​ស្ត្រី​ម្នាក់ និង​វាយ​ជនរងគ្រោះ​បណ្តាល​ឲ្យ​បែកក្បាល ។​

     ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃទី​១៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ចំណុច​ពេទ្យ​វិសាល​សុខ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន​។​

    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​មានឈ្មោះ អ៊ុន គីម​ស្រៀ​ង អាយុ​៣២​ឆ្នាំ ស្នាក់​នៅក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ចំណែក​ជនសង្ស័យ​មានឈ្មោះ ហេង សុវណ្ណ​រ័ត្ន អាយុ​១៦​ឆ្នាំ ជា​សិស្សសាលា​AIS បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។​

    ប្រភពព័ត៌មាន​ពី​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ដំបូង​រូបគាត់​បាន​ជិះ​ម៉ូតូ​ស្តុ​ប​ពី ពណ៍​ក្រហម ពាក់​ស្លាក​លេខ កណ្តាល​1R-0950 ជិះ​ចេញពី​កន្លែងធ្វើការ​នៅ​ម្តុំ​ផ្សា​របឹង​កេងកង បំណង​ត្រឡប់ទៅផ្ទះ ។​

    ខណ​:​មកដល់​ខាងមុខផ្ទះ​ទៅហើយនោះ ស្រាប់​តែមាន​ក្រុម​ជនសង្ស័យ​ជាច្រើន​នាក់ បាន​ជិះ​មក​ឈប់​និង​ដក​កាំភ្លើងខ្លី​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់ និង​វាយ​មួយ​ស្នាប់​កាំភ្លើង​បណ្តាល​ឲ្យ​បែកក្បាល រួច​យក​ម៉ូតូ​ទៅ​បាត់​តែម្តង​។​

   ភ្លាមនោះ​ស្ត្រី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​វិសាល​សុខ ។​គាប់​ជួន​ពេលទៅដល់​មន្ទីរពេទ្យ​ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​យក​ម៉ូតូ​របស់ខ្លួន​ទៅ​ផ្ញើ​នៅ​ចំណត​ម៉ូតូ​ពេទ្យ ហើយដោយ​ក្រុមគ្រួសារ​ជា​សមត្ថកិច្ច​ដែរនោះ​ក៏បាន​ទំនាក់ទំនង​ទៅ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​ជួយ​ធ្វើ​អន្តរាគមន៍​។​

   ប្រភព​បន្តថា ប្រមាណ​កន្លះ​ម៉ោង​ក្រុម​ជនសង្ស័យ​បាន​ត្រឡប់មក​យក​ម៉ូតូ​វិញ ភ្លាមនោះ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ចូលទៅ​ឃាត់​ក៏បាន​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ ។​

   ពេលនោះ​បក្សពួក​ជនសង្ស័យ​បាន​ដក​កាំភ្លើង​ចេ​ញេ​ពី​ចង្កេះ បងប្អូន​ជនរងគ្រោះ​ឃើញ​ដែលជា​សមត្ថកិច្ច​ដែរនោះ បាន​បាញ់​ឡើងលើ​គំរាម​១​គ្រាប់ ទើប​បក្សពួក​ជនសង្ស័យ​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ។​ប៉ុន្តែ​ឃាត់​បាន​ម្នាក់​ដែល​ចូល​ទៅយក​ម៉ូតូ​។​

   ជនសង្ស័យ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ដើម្បី​ធ្វើការ​សួរនាំ ស្វែងរក​តាម​ចាប់​បក្សពួក​បន្ត រួច​កសាង​សំណុំរឿង​បញ្ចូនទៅ​អាវុធហត្ថ​រាជធានី​ភ្នំពេញ រង់ចាំ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

មតិយោបល់