អាមេរិកសន្យាបញ្ជូននាវាមុជទឹកនិងយន្តហោះទម្លាក់គ្រាប់បែកល្អផុតលេខច្រើនគ្រឿងទៀតទៅក្បែរឧបទ្វីបកូរ៉េ

ពួកសមាជិកសភាកូរ៉េខាងត្បូងមានការងឿងឆ្ងល់ថាតើការបែកបាក់អាចនឹងលេចឡើងទេ នៅក្នុងចំណងទាក់ទងរវាងយោធាអាមេរិក និង កូរ៉េខាងត្បូង នៅពេលដែលភាពតានតឹងនៅឧបទ្វីបកូរ៉េមានការកើនឡើង ប៉ុន្តែត្រូវបានធានាថា សហរដ្ឋអាមេរិកពិតជាមានផែនការបង្កើនចំនួនសម្ភារៈយោធា "យុទ្ធសាស្ត្រ" របស់ខ្លួននៅក្នុងតំបន់របស់ពួកគេនៅត្រឹមដំណាច់ឆ្នាំនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ លោក ជុង អ៊ីវយ៉ុង ប្រធានការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូងបានប្រាប់ក្រុមសមាជិកសភាថា "សហរដ្ឋអាមេរិកបានសន្យាពង្រីកការដាក់ពង្រាយនូវសម្ភារៈយោធាយុទ្ធសាស្ត្ររបស់ខ្លួននៅជិតឧបទ្វីបកូរ៉េ"។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងនេះបាននិយាយថា ឯកសារមួយត្រូវបានចុះហត្ថលេខាដោយមន្ត្រីយោធាអាមេរិក ដោយបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងធ្វើតាមការសន្យារបស់ខ្លួន។

កាសែតកូរ៉េខាងត្បូង Chosun បាននិយាយថា សម្ភារៈយោធា "យុទ្ធសាស្រ្ត" ទាំងនោះនឹងមានដូចជា នាវាផ្ទុកយន្តហោះមួយគ្រឿង នាវាមុជទឹកដើរដោយនុយក្លេអ៊ែរប្រភេទ Ohio យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 Spirit និងយន្តហោះ F-22 Raptors ដែលជាយន្តហោះចម្បាំងទំនើបផុតលេខរបស់យោធាអាមេរិកបច្ចុប្បន្ន។ នាវាមុជទឹកដើរដោយនុយក្លេអ៊ែរប្រភេទ Ohio នីមួយៗផ្ទុកគ្រាប់មីស៊ីលឆ្លងទ្វីបប្រភេទ D-5 Trident ចំនួន ២០ ដើម ហើយគ្រាប់ Trident មួយដើមអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់ទៅ ១២ គ្រាប់។

ទន្ទឹមនឹងនេះដែរ យន្តហោះ B-2 នីមួយៗអាចផ្ទុកគ្រាប់នុយក្លេអ៊ែរចំនួន ១៦ គ្រាប់ នៅក្នុងកន្លែងដាក់គ្រាប់បែករបស់ខ្លួន បន្ថែមពីលើ "គ្រាប់បែកកម្ទេចលេណដ្ឋាន" ដែលជាសញ្ញាមួយប្រាប់ទៅកាន់កូរ៉េខាងជើងថា រូងភ្នំ និងរូងក្រោមដីមិនអាចត្រូវបានចាត់ទុកថាជាកន្លែងលាក់ខ្លួនបានទេ។

លោក ហារ៉ាល់ ម៉ាមហ្គ្រេន អតីតជំនួយការប្រធានាធិបតីអាមេរិក ចន កេណ្ណីឌី លោក លីនដុន ចនសុន លោក រីឆាត និកសុន និង លោក ជើរ៉ល ហ្វត បាននិយាយកាលពីថ្ងៃពុធតាមរយៈ Twitte យ៉ាងដូច្នេះ "នៅពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអំពាវនាវឱ្យទម្លាក់ម៉ែគ្រាប់បែក (MOAB) ចំណុចសំខាន់គឺចង់ផ្ញើសារមួយទៅប្រទេសកូរ៉េខាងជើង ថា គ្មានរូងក្រោមដីឬទីតាំងយោធាក្រោមដីជ្រៅៗណាមួយមានសុវត្ថិភាពឡើយ"៕

adverise with khmeread