adverise with khmeread 1

រថយន្ត​វី​ហ្គូ​បើក​លឿន​បុក​ម៉ូតូ​ពេញទំហឹង​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​

    ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ត្រូវ​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ដោយសារតែ​រថយន្ត​វី​ហ្គូ​បើ​ក្នុង​ល្បឿន​លឿន​បុក​ពេញទំហឹង ។​

    គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​ចំណុច​ផ្លូវបែក​ជា​៤ កាលពី​វេលា​ម៉ោង​៩​និង​៥៥​នាទី​យប់​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ខាងលិច​ផ្សារ​ទួល​ទំពូង តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ កែង​ផ្លូវ​លេខ​៤៥០ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។​

   សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា    ជនរងគ្រោះ​ឈ្មោះ សាន ទូច ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅ​ម្តុំ វត្ត​ទួល​ទំពូង សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន​។​
   ប្រភពព័ត៌មាន​ពីសា​ក្សី​បាន​ប្រាប់​ឱ្យដឹងថា ដំបូង​គេ​បានឃើញ​យុវជន​២​នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AF-5211 ជិះ​ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​លេខ​៤៥០ ទិសដៅ​ពី​កើ​តទៅ​លិច ។​

    ពេលមកដល់​ចំណុចកើតហេតុ​ដែលជា​ផ្លូវបែក​ជា​៤ ក៏មាន​រថយន្ត​វី​ហ្គូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-8419 បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង បុក​ម៉ូតូ​ពេញទំហឹង ប៉ើង​អូស​ជាង​១០​ម៉ែត្រ បណ្តាលឱ្យ​យុវជន​ម្នាក់​ជា​អ្នក​ឌុប បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

    ប្រភព​បន្តថា បន្ទាប់ពី​បង្កហេតុ​អ្នកបើករថយន្ត​បាន​បន្ថែម​ល្បឿន​ព្យាយាម​គេចខ្លួន តែ​សមត្ថកិច្ច​ដេញ​ពីក្រោយ ឃើញ​ដូច្នេះ​ជនបង្ក​បាន​បើក​មកដល់​ចំណុច​ផ្លូវ​លេខ​៤៥៤​ដែលជា​ផ្លូវ​ទាល់ ក៏​ទុក​រថយន្ត​ចោល គេចខ្លួនបាត់​តែម្តង ។​

    ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​បានធ្វើ​ការវាស់វែង​យក​រថយន្ត​បង្ក និង​ម៉ូតូ​ដែល​រង​ការខូចខាត ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​។​ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ ឱ្យមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

adverise with khmeread

មតិយោបល់