សម្ភាសន៍ការងាររហូតដល់ជុំផ្តាច់ព្រ័ត្រជួបនាយកក្រុមហ៊ុន គាត់សួរមួយសំណួរ អ្នកសម្ភាសន៍សុំការងារធ្វើ ត្រឡប់មកបន្ទប់នាយកព្រឹកស្អែកទាំងទឹកភ្នែក

បន្ទាប់ពីសម្ភាសន៍ការងារជាច្រើនជុំ ទីបំផុត ចច បានមកដល់ជុំចុងក្រោយ ជួបជាមួយលោកនាយកក្រុមហ៊ុន។ 

លោកនាយកក្រុមហ៊ុន ៖ តើលោកធ្លាប់ទទួលបានអាហារូបករណ៍នៅសាលាដែរទេ?

ចច ៖ អត់ទេ ទាន!

លោកនាយកក្រុមហ៊ុន ៖ តើឪពុកលោកមែនទេ ដែលជាអ្នកចេញថ្លៃសិក្សា?

ចច ៖ ឪពុកខ្ញុំបានចែកឋាននៅពេលខ្ញុំមានអាយុ ១ ឆ្នាំ ។

លោកនាយកក្រុមហ៊ុន ៖​ តើម្តាយលោកធ្វើការនៅទីណា?

ចច ៖ ម្តាយខ្ញុំធ្វើការជាអ្នកបោកខោអាវ។

ក្រោយមកលោកនាយកក្រុមហ៊ុនបានសុំមើលដៃរបស់ចច។ ចចបានបង្ហាញដៃស្រឡូនដូចបន្លាក្រូចដល់លោកនាយក។ 

លោកនាយកក្រុមហ៊ុន ៖ តើលោកធ្លាប់ជួយបោកខោអាវម្តាយទេ?

ចច ៖ មិនដែលទេ ម្តាយខ្ញុំតែងចង់ឱ្យខ្ញុំប្រឹងរៀនតែមួយមុខប៉ុណ្ណោះ។ ហើយមួយទៀតគាត់បោកគក់រហ័សជាងខ្ញុំ។ 

លោកនាយកក្រុមហ៊ុន ៖ ខ្ញុំមានសំណើមួយ។ ពេលលោកត្រឡប់ទៅផ្ទះវិញ សូមលាងដៃម្តាយរបស់លោក ហើយចាំមកជួបខ្ញុំម្តងទៀតនៅថ្ងៃស្អែក។

ចចត្រឡប់ទៅផ្ទះវិញ សុំម្តាយលាងដៃយ៉ាងរីករាយ។ ដោយមានអារម្មណ៍រៀងភាន់ភាំង ម្តាយក៏ហុចដៃឱ្យចចមើល។ ទឹកភ្នែកចាប់ផ្តើមស្រក់លើផែនថ្ពាល់របស់ចន ខណៈដែលចចសង្កេតឃើញដៃម្តាយឡើងជ្រួញ ហើយហើម។ 

វាជាលើកទីមួយហើយដែលចចដឹងខ្លួនថា ស្នាមជាំទាំងនោះគឺជាតម្លៃដែលម្តាយបង់សម្រាប់ការសិក្សានិងអនាគតរបស់ខ្លួន។ 

ចចលួចទៅបោកគក់ខោអាវនៅសល់ទាល់តែអស់ជំនួសម្តាយ។ 

ព្រឹកឡើង ចច បានត្រឡប់ទៅការិយាល័យរបស់លោកនាយក។ 

លោកនាយកសង្កេតឃើញទឹកភ្នែករបស់ចច ហើយសួរថា "តើលោកអាចប្រាប់ខ្ញុំបានទេថាលោកបានរៀនសូត្រអ្វីខ្លះនៅក្នុងផ្ទះកាលពីម្សិលមិញ?"។

ចច ៖ ខ្ញុំបានលាងសម្អាតដៃម្តាយខ្ញុំ ហើយជួយបោកគក់ខោអាវនៅសល់។ 

លោកនាយកក្រុមហ៊ុន ៖ តើលោកមានអារម្មណ៍យ៉ាងណាដែរ?

ចច ៖ ឥឡូវនេះ ខ្ញុំដឹងថាអ្វីទៅជាការដឹងគុណ។ បើគ្មានម្តាយខ្ញុំទេ ខ្ញុំនឹងមិនមានថ្ងៃនេះទេ។ ដោយធ្វើការផង និង ជួយម្តាយខ្ញុំផង ទើបខ្ញុំដឹងថា វាពិបាកប៉ុនណាដើម្បីសម្រេចការងារអ្វីមួយ។ ខ្ញុំចាប់ផ្តើមដឹងគុណសារៈសំខាន់និងតម្លៃនៃទំនាក់ទំនងគ្រួសារ។ 

លោកនាយកក្រុមហ៊ុន ៖ នេះជាអ្វីដែលខ្ញុំចង់ស្វែងរក។ លោកត្រូវបានជ្រើសរើសបម្រើការងារហើយ។

*** រឿងសំខាន់បំផុត គឺត្រូវឆ្លងកាត់ការលំបាក និង រៀនផ្តល់តម្លៃដល់ការប្រឹងប្រែងនៅពីក្រោយភាពស្រណុកសុខស្រួលដែលយើងទទួលបាន៕

adverise with khmeread