ស្ទះផ្លូវចាំអស់កន្លះម៉ោង ប្រធានាធិបតីឥណ្ឌូនេស៊ីដាច់ចិត្តចុះពីឡាន ទ្រាំដើរហាលក្តៅ ២ គីឡូម៉ែត្រចូលរួមពិធីរំលឹកខួបទី៧២ នៃការបង្កើតកងទ័ព

យោងតាមប្រភព Daily Mail បានឱ្យដឹងថា ការកកស្ទះចរាចរណ៍ដ៏ល្បីរបស់ប្រទេសឥណ្ឌូនេស៊ីបានបង្ហាញនៅលើពិភពលោកនៅថ្ងៃព្រហស្បតិ៍ទី៥តុលានេះ បន្ទាប់ពីប្រធានាធិបតីរបស់ប្រទេសនេះត្រូវបង្ខំចិត្តឱ្យដើរ ២ គីឡូម៉ែត្រឆ្លងកាត់រលកកម្តៅថ្ងៃស្ទើរប្រេះក្រហែងដើម្បីចូលរួមក្នុងក្បួនដង្ហែយោធាមួយ។

ប្រទេសឥណ្ឌូនេស៊ីដែលពោរពេញទៅដោយអំពើពុករលួយគឺជាទីជម្រកនៃការិយាធិបតេយ្យគ្មានប្រសិទ្ធភាពច្រើនបំផុតមួយនៅអាស៊ី និងបញ្ហាស្ទះចរាចរណ៍បានញាំញីទីប្រជុំជនធំៗជាច្រើននៅក្នុងប្រជុំកោះនេះ។

សុបិនអាក្រក់នៃចរាចរណ៍របស់ប្រទេសនេះត្រូវបានបង្ហាញយ៉ាងច្បាស់ក្រឡែតនៅពេលប្រធានាធិបតី Joko Widodo បង្ខំចិត្តដើរ ២ គីឡូម៉ែត្រដើម្បីចូលរួមក្នុងពិធីរំលឹកខួបលើកទី ៧២ នៃការបង្កើតកងទ័ពឥណ្ឌូនេស៊ី។

វិមានប្រធានាធិបតីបាននិយាយថា លោកវីដូដូនិងមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់បានជាប់ទ្រឹងនៅមួយកន្លែង នៅពេលដែលពួកគេកំពុងឆ្ពោះទៅកាន់ពិធីដង្ហែក្បួនយោធានៅក្នុងទីក្រុង ស៊ីឡេហ្គុន ជាទីក្រុងកំពង់ផែចម្ងាយប្រហែល ២ ម៉ោងកន្លះពីរដ្ឋធានីហ្សាការតា។

អង្គរក្សលោក Widodo ឈ្មោះ Ili Dasili បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីការរង់ចាំអស់រយៈពេល ៣០ នាទីរួចមក លោកប្រធានាធិបតីបានសម្រេចចិត្តចេញពីរថយន្ត ហើយគាត់បានធ្វើដំណើរថ្មើរជើង"។

មេប៉ូលិសជាតិ លោក Tito Karnavian ដែលជាប់គាំងនៅក្នុងការកកស្ទះនោះដែរ បានចូលរួមជាមួយលោកប្រធានាធិបតី។

វីដេអូបង្ហាញប្រធានាធិបតីកំពុងដើរជាមួយកងសន្តិសុខ ខណៈដែលអ្នកមើលតាមផ្លូវបាននាំគ្នាស្រែកហ៊ោ និងស្រែកឈ្មោះរបស់គាត់៕

adverise with khmeread
tiger
Loading ad ...