0

Welbeck ចំណាយ​តែមួយ​គ្រាប់​ទម្លុះ​សំណាញ់​គូប្រកួត​យប់មិញ ធ្វើឱ្យ​ប្រិយមិត្ត​កាំភ្លើង​ធំ​បង្វែរ​កាណុង​បាញ់ Hazard យ៉ាងដំណំ

បណ្តា​អ្នកគាំទ្រ​ក្រុម​កាំភ្លើង​ធំ Arsenal សប្បាយ​វីវក់​ស្ទើរ​ឆ្កួត​វង្វេង ក្រោយ​វីរៈបុរស​ក្រុម​ខ្លួន Danny Welbeck ចំណាយ​ត្រឹម​តែមួយ​គ្រាប់​បាញ់​បញ្ចូល​ទី​ក្រុម Leicester ទទួលបាន​ជ័យជម្នះ​នៅ​នាទី​ចុង​ម៉ោង​នៃ​ការប្រកួត​យ៉ាង​មាន​ប្រសិទ្ធភាព​។ បណ្តា​ក្រុម​អ្នកគាំទ្រ​កាំភ្លើង​ធំ​ក៏​មិន​បង្អែរ​បង្អង់​យូរ​ឡើយ ដោយ​ពួកគេ​បាន​បែរ​កាណុង​បាញ់​គូប្រជែង​ស៊ីសាច់ហុតឈាម​របស់ខ្លួន​គឺ​ក្រុម​តោ​ខៀវ Chelsea យ៉ាង​ចាស់ដៃ​ទៀតផង​។​

​ការខិតខំ​ប្រឹងប្រែងរ​បស់ Welbeck មានន័យថា​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អង់គ្លេស​ដែល​ទើបនឹង​វិលត្រឡប់​មកវិញ​រូបនេះ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​នាំមុខ Eden Hazard របស់​ក្រុម​តោ​ខៀវ Chelsea ដែល​រកតែ​មួយ​គ្រាប់​ធ្វើ​ថ្នាំ​គ្មាន​ក្នុង Premier League នា​រដូវ​កាល​នេះ ហើយ​មានតែ​អ្នកគាំទ្រ​ទេ​ដែល​យល់​ពី​ការពិត​នេះ​។​

Hazard កំពុង​ជួប​វិបត្តិ​នៃ​ការធ្លាក់​ទម្រង់​លេង​របស់ខ្លួន​រហូត​សឹង​រាល់​ការប្រកួត​ទាំងអស់ ហើយ​ខ្សែប្រយុទ្ធ​ស្លាប​របស់​ក្រុម​តោ​ខៀវ​រូបនេះ​អាច​រក​គ្រាប់​បាល់​ត្រឹម​តែមួយ​គ្រាប់​ប៉ុណ្ណោះ ដោយ​សម្រេច​គ្រាប់​បាល់​ដំបូង​របស់ខ្លួន​នា​រដូវ​កាល​នេះ​ជាមួយ​ក្រុម​មកពី​លំដាប់​ទី​បី​នៃ​លី​ក​អង់គ្លេស MK Dons ក្នុងជំនួប FA Cup នា​ចុងខែ​មករា​កន្លងទៅនេះ​។​

​ទន្ទឹមនឹង​នោះដែរ Welbeck បាន​ត្រឡប់​ពីរ​បួស​វិញ​សម្រាប់​ក្រុម​កាំភ្លើង​ធំ ដែល​គាត់​បាន​អវត្តមាន​ចាប់​តាំង​បើក​រដូវ​កាល​នេះ​មកម្ល៉េះ​។ ហើយ​ខ្សែប្រយុទ្ធ​ឆ្នើម​រូបនេះ​អាច​ទម្លុះ​សំណាញ់​គូប្រកួត​បានសម្រេច​ជាមួយនិង​ការប៉ះបាល់​ត្រឹមតែ​ពីរលើក​តែប៉ុណ្ណោះ​៕

ប្រភព៖ មេត្រូ

មតិយោបល់