369852

យក​អង្រែបុកគ្រឿង​សំពង​ក្បាល​ប្រពន្ធ​ដល់​ស្លាប់​ជាប់​ខ្នោះ​

    ព្រៃវែង​-​កំពង់ចាម ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តកំពង់ចាម​សហការ​ជាមួយ​ប៉ូលិស​ខេត្តព្រៃវែង​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៥​កុម្ភ​:​នេះ នៅ​ចំណុច​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាមបន្ទាប់ពី​បានធ្វើ​សកម្មភាព​យក​អង្រែបុកគ្រឿង​វាយ​សំពង់​ប្រពន្ធ​ដល់​ស្លាប់ ហើយ​វាយ​លើ​បុរស​ម្នាក់​ឲ្យ​របួស​ដណ្តើមយក​ម៉ូតូ​ជិះ​គេចខ្លួន​ពី​ខេត្ត ព្រៃវែង ទៅសម្ងំ​លាក់ខ្លួននៅ​ខេត្តកំពង់ចាម ។​

    ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី​១០​កុម្ភ​:​ឆ្នាំ​២០១៦​វេលា​ម៉ោង​៨​និង​៣០​នាទី​នៅ​ចំណុច​ភូមិ​អំពិល​ក្រៅ ឃុំ​អំពិល​ក្រៅ ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង​មាន​កើត​ករណី​មនុស្សឃាត​និងអំពើ​លួច​ដែល​បង្កឡើង​ដោយ​ជនល្មើស​ឈ្មោះ​ស៊ឹង គឹម​ស​រ័ ភេទ​ប្រុស អាយុ​៣០​ឆ្នាំមាន​ទីលំនៅ​ភូមិ​ឃំ​ុ​កើតហេតុ​ខាងលើ បាន​យក​កូន​អង្រែបុកគ្រឿង​វ៉ៃ​ប្រពន្ធ​ឈ្មោះ​ងួន សាម៉ុន​អាយុ​៤៦​ឆ្នាំ​បណ្ដាល​ឲ្យ​ស្លាប់​។​

   បន្ទាប់មក​ជនល្មើស​បាន​យក​អង្រែ​មួយទៀត​ប្រវែង​១,៣០​ម​វ៉ៃ​ទៅលើ​ឈ្មោះ​ញ៉ា​ញ់ កញ្ញា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​រងរបួស​ហើយ​បាន​ដណ្តើម យក​ម៉ូតូ​ម៉ាក​គុប​ជ្រុង​សេ​៧០​ពណ៌​ទឹកប៊ិច​ផ្លាកលេខ​ធ​-៨៥២០​ភព​១​ជិះ​គេច​ចេញពី​កន្លែងកើតហេតុ ឆ្ពោះទៅ​ខេត្តកំពង់ចាម​។​

     ប៉ូលិស​បន្តទៀតថា អនុវត្តតាម​បញ្ជា​របស់លោក​ឧ​ត្ត​សេនីយ៍​ស្នងការ​ខេត្តព្រៃវែង​បាន​សហការ​ជាមួយ​ប៉ូលិស​ខេត្តកំពង់ចាម​ស្រាវជ្រាវ​រក​ចាប់​មុខសញ្ញា​ខាងលើ​ដើម្បី​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​។​

    រហូតដល់​ថ្ងៃ​១៥​កុម្ភ​:​ឆ្នាំ​២០១៦​កម្លាំង​ប៉ូលិស​ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​បាន​ឃាត់ខ្លួន​មុខសញ្ញា​ខាងលើ​និង​ម៉ូតូ​១​គ្រឿង រួច​បានប្រគល់​មក​ឲ្យ​ប៉ូលិស​ស្រុក​ស៊ីធរ​កណ្ដាល​ដើម្បីបំពេញ​សំណុំរឿង​តាម​នីតិវិធី​ព្រហ្មទណ្ឌ​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំ់នាញ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តព្រៃវែង​ចាត់ការ​តាមច្បាប់​៕

មតិយោបល់