វិទ្យាល័យចិនលុតដំសិស្សឱ្យឆ្លងកាត់មេរៀនជីវិតលំបាកលំបិន ដើម្បីចេះពឹងពាក់លើខ្លួនឯងនាពេលអនាគត

យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅចិនបានឱ្យដឹងថា សិស្សសាលាអនុវិទ្យាល័យមួយនៅភាគកណ្ដាលប្រទេសចិនត្រូវបានបង្ខំឱ្យស៊ូទ្រាំនៅជំរំហ្វឹកហាត់យោធារយៈពេលប្រាំថ្ងៃដើម្បីរៀនសូត្រអំពី "មេរៀនលំបាក"។

សិស្សជាង ១២០០ នាក់ដែលមានអាយុ ១៦ និង ១៧ ឆ្នាំមកពីសាលាវិទ្យាល័យមជ្ឈិមលេខ១ ដែលមានសម្ព័ន្ធភាពជាមួយសាកលវិទ្យាល័យ Central China Normal University ក្នុងទីក្រុងអ៊ូហាន នៃខេត្តហូប៉ី បានចូលរួមក្នុងកម្មវិធីចាំបាច់មួយដែលបានក្លាយជាពិធីប្រចាំឆ្នាំនៅសាលាចាប់តាំងពីឆ្នាំ ១៩៩០។

កាសែត Chutian Metropolis Daily បានរាយការណ៍នៅថ្ងៃចន្ទម្សិលមិញយ៉ាងដូច្នេះថា ជំរំនេះមានគោលបំណងបង្រៀនកូនសិស្សឱ្យចេះពឹងផ្អែកលើខ្លួនឯងនិងជំនាញជីវិតផ្សេងទៀត។

សិស្សទាំងនោះត្រូវបានបញ្ជូនទៅកាន់បន្ទាយកងវរេសេនាធំនៅសង្កាត់ជាំងសែនៃទីក្រុងអ៊ូហានកាលពីថ្ងៃសុក្រសប្ដាហ៍មុន កន្លែងដែលពួកគេនឹងរស់នៅនិងធ្វើការរហូតដល់ថ្ងៃទៅផ្ទះវិញនៅថ្ងៃអង្គារនេះ។

សកម្មភាពនៅជំរំរួមមានការដើរក្បួនចម្ងាយ ២៥ គីឡូម៉ែត្រ ខណៈស្ពាយអីវ៉ាន់ធ្ងន់ៗ ការងារកសិកម្ម មុជទឹកកកនៅព្រឹកព្រលឹម និងដេកលើពូកដាក់ផ្ទាល់ដីនៅឃ្លាំងដែលគ្មានម៉ាស៊ីនកម្ដៅ ដែលមានសីតុណ្ហភាពប្រហែល ១២ អង្សា។

លៀវឃាំង លេខាធិកាសម្ព័ន្ធយុវជនកុម្មុយនីស្តនៃសាលាខាងលើបាននិយាយថា "យើងមានរថយន្តសង្រ្គោះបន្ទាន់នៅរង់ចាំ (សម្រាប់ការដើរក្បួនរយៈពេលយូរ) ប៉ុន្តែមានសិស្សតែបួននាក់ក្នុងចំណោម ១២០០ នាក់ដែលបានប្រើប្រាស់វាសម្រាប់មូលហេតុសុខភាព"។ លោកបានបន្ថែមថា សិស្សជាច្រើនមានពងបែកលើជើងដោយហេតុថា នេះជាលើកដំបូងដែលពួកគេដើរចម្ងាយឆ្ងាយបែបនេះ។ សិស្សប្រហែល ១០០ នាក់ត្រូវគេរាយការណ៍ថា ត្រូវការការព្យាបាលនៅបន្ទាយបន្ទាប់ពីដើរក្បួន។

ទោះយ៉ាងណារាល់សកម្មភាពទាំងអស់មិនមែនពិបាកទាំងស្រុងឡើយ។ សិស្សត្រូវគេរំពឹងទុកជជែកជាមួយកសិករក្នុងតំបន់ ចូលថ្នាក់បណ្ដុះបណ្ដាលនៅក្រុមហ៊ុនក្នុងតំបន់ និងលេងបាល់បោះ។ សិស្សក៏ត្រូវតែសរសេររបាយការណ៍អំពីបទពិសោធន៍របស់ពួកគេ ដែលនឹងបញ្ជូលទៅក្នុងពិន្ទុក្រេឌីតសិក្សារបស់ពួកគេ។

គួរបញ្ជាក់ថាលោក ស៊ីជីនពីង ដែលត្រូវបានបញ្ជូនទៅធ្វើការនៅតំបន់ជនបទនៃខេត្តសាអានស៊ី អំឡុងបដិវត្តន៍វប្បធម៌របស់លោក ម៉ៅសេទុង បានមើលការខុសត្រូវលើការវិលត្រឡប់មកវិញនៃការអប់រំបែបមនោគមវិជ្ជាបក្សកុម្មុយនិស្តទៅក្នុងកម្មវិធីសិក្សាទូទាំងប្រទេសចាប់តាំងពីចូលកាន់កាប់តំណែងក្នុងឆ្នាំ ២០១២៕

adverise with khmeread