ប្រធានាធិបតីចិនដាក់ចេញផែនការអភិវឌ្ឍវិស័យកងទ័ពឱ្យខ្លាំងក្លាលេខ១លើពិភពលោកត្រឹមឆ្នាំ ២០៥០

យោធាចិននឹងចាប់ផ្ដើមអភិវឌ្ឍលើសព្វាវុធទ្រង់ទ្រាយធំនិងការផ្លាស់ប្ដូរមន្ត្រីជាន់ខ្ពស់ក្រោមការបង្គាប់របស់ប្រធានាធិបតី ស៊ីជីនភីង ចំពោះកងទ័ពរំដោះប្រជាជនចិន (PLA) ដើម្បីក្លាយជាកងកម្លាំងប្រយុទ្ធលំដាប់ពិភពលោកនៅបីទសវត្សរ៍ទៀត។

ដោយបានដាក់ចេញនូវផែនការដ៏មានមហិច្ឆតារបស់ខ្លួនសម្រាប់ PLA ក្នុងរបាយការណ៍មួយទៅកាន់សមាជជាតិរបស់បក្សកុម្មុយនីស្តកាលពីថ្ងៃពុធម្សិលមិញ លោកស៊ីបានថ្លែងថា PLA ត្រូវតែធ្វើទំនើបកម្មត្រឹមឆ្នាំ ២០៣៥ និងក្លាយជាយោធាថ្នាក់កំពូលត្រឹមឆ្នាំ ២០៥០។

លោកបានថ្លែងថា "កងកម្លាំងយោធាគឺត្រូវបានកសាងឡើងដើម្បីប្រយុទ្ធ។ យោធារបស់យើងត្រូវតែចាត់ទុកការត្រៀមខ្លួនប្រយុទ្ធជាគោលដៅសម្រាប់ការងាររបស់ខ្លួននិងផ្ដោតអំពីរបៀបឈ្នះនៅពេលមានការបញ្ជា"។

លោកបានបន្តថា បច្ចេកវិជ្ជាគឺជាស្នូលនៃកម្លាំងប្រយុទ្ធហើយ PLA ចាំបាច់ត្រូវអនុវត្តយុទ្ធសាស្ត្របច្ចេកវិជ្ជាព័ត៌មាននិងសង្រ្គាមសម័យទំនើបដើម្បីដើរទៅមុខ។

លោកស៊ីក៏បានថ្លែងទៀតថា កំណែទម្រង់យោធាដែលកំពុងបន្ត គួររួមបញ្ចូលការផ្លាស់ប្ដូរមន្ត្រីជាន់ខ្ពស់នៃ PLA ការធ្វើសមាហរណកម្មល្អរវាងវិស័យស៊ីវិល និងយោធា និងកងកម្លាំងការពារព្រំដែនកាន់តែខ្លាំង៕

adverise with khmeread