ភ្នំពេញ ៖ ទណ្ឌិតលោក សុខ ប៊ុន អតីតមានងារជាឧកញ៉ា និងជាអតីតប្រធានក្រុមអ្នកវាយតម្លៃអចលនទ្រព្យនៅកម្ពុជា នឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ ក្នុងរយៈពេល៣ខែ ខាងមុខទៀតនេះ ។
ទណ្ឌិត សុខ ប៊ុន ត្រូវបានតុលាការចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ដែលកម្រិតផ្តន្ទាទោសពី២ឆ្នាំទៅ៥ឆ្នាំ ។
ទោះបីយ៉ាងណា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ លីនណា ប្រកាសសាលក្រមកាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ សម្រេចផ្តន្ទាទោស លោក សុខ ប៊ុន ដាក់ពន្ធនាគារ៣ឆ្នាំ តែអនុវត្តក្នុងពន្ធនាគារ១០ខែ និង ពិន័យជាប្រាក់៦លានរៀល ។
គិតត្រឹមថ្ងៃឃុំខ្លួនលោក សុខ ប៊ុន កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ឃើញថា លោក សុខ ប៊ុន នឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ ក្នុងរយៈពេល៣ខែ ខាងមុខទៀតនេះ ។
សាលក្រមដែលគ្មានអានសំអាងហេតុ និង ប្រកាសដោយកំបាំងមុខជនជាប់ចោទ និង មេធាវី តែចាត់ទុកជាចំពោះមុខ មានតែក្រុមអ្នកអ្នកសារព័ត៌មានចូលស្តាប់ប៉ុណ្ណោះ ។
ក្រោយការប្រកាសសាលក្រមភ្លាមៗ ក្រុមអ្នកសារព័ត៌មាន បានព្យាយាមសុំការបញ្ជាក់ពីលោកមេធាវី ពុធ ធាវី តែពុំអាចទាក់ទងបានទេ ព្រោះលោកពុំមានវត្តមាននៅតុលាការឡើយ ៕
