កុមារីអាយុ ១១ ឆ្នាំក្លាយជាអ្នកវិទ្យាសាស្ត្រកំពូលវ័យក្មេងបំផុតរបស់អាមេរិក ជាមួយគំនិតច្នៃប្រឌិតបង្កើតឧបករណ៍ដ៏អស្ចារ្យមួយ

កុមារី Gitanjali Rao អាយុ ១១ ឆ្នាំមកពីទីក្រុង Lone Tree រដ្ឋ Colorado បានឈ្នះពានរង្វាន់ Discovery Education 3M Young Scientist Challenge ប្រចាំឆ្នាំ សម្រាប់មុខងារ Sensor របស់នាង ដែលអាចរកឃើញកម្រិតសំណើមនៅក្នុងទឹកបានល្អជាងវិធីសាស្រ្តបុរាណទៅទៀត។

Rao ដែលការឈ្នះពានរង្វាន់របស់គេត្រូវបានប្រកាសកាលពីល្ងាចថ្ងៃអង្គារទី ១៧ តុលា នឹងយកប្រាក់រង្វាន់ ២,៥ ម៉ឺនដុល្លារទៅផ្ទះសម្រាប់គំនិតរបស់នាង ដែលខំធ្វើអស់រយៈពេល ៥ ខែ ដើម្បីឆ្លើយតបទៅនឹងការសិក្សាអំពីវិបត្តិទឹកដែលកំពុងបន្តនៅក្នុងទីក្រុង Flint រដ្ឋ Michigan។

កុមារី Rao រៀនថ្នាក់ទី ៧ និយាយប្រាប់វេបសាយ Business Insider ថា "គំនិតនេះបានចាប់ផ្ដើម នៅពេលខ្ញុំឃើញឪពុកម្ដាយធ្វើតេស្ដមើលក្នុងទឹករបស់ពួកយើង។ ពិតណាស់ វិធីសាស្រ្តដែលគាត់ប្រើ គឺមិនគួរឱ្យទុកចិត្តឡើយ ហើយខ្ញុំត្រូវតែផ្លាស់ប្ដូរវិធីសាស្រ្តនេះចេញ"។

ជាការពិត នៅអាមេរិក គឺមានបញ្ហាប្រព័ន្ធទឹកជាង ៥ ពាន់កន្លែងក្នុងឆ្នាំ ២០១៦។ ហើយប្រសិនបើមនុស្សចង់ធ្វើតេស្ដទឹករបស់ពួកគេ គឺមានវិធីសាស្រ្តពីរយ៉ាង។ វិធីទីមួយប្រើតាមវិធីបុរាណលឿន ប៉ុន្ដែមិនច្បាស់ការ និងវិធីមួយទៀតគឺយកឱ្យអ្នកជំនាញពិនិត្យមើល ប៉ុន្ដែត្រូវចំណាយប្រាក់ច្រើនលើឧបករណ៍នានា។ ប៉ុន្ដែសម្រាប់ឧបករណ៍របស់ Rao មិនត្រឹមតែថោកទេ ថែមទាំងច្បាស់ការផងដែរ។ នៅរដូវក្ដៅខាងមុខ Rao នឹងធ្វើការជាមួយនឹងអ្នកវិទ្យាសាស្រ្ត 3M ដើម្បីយកគំរូរបស់នាងបង្កើតជាវត្ថុយ៉ាងជាក់លាក់មួយ ហើយវាត្រូវបានដាក់ឈ្មោះថា Tethys ជាឈ្មោះអាទិទេពគង្គារក្រិក៕

adverise with khmeread