កុំចេះតែហ៊ាន!​ ក្មេងស្ទាវចិត្តក្លាហាន ហ៊ានធាក់ម៉ូតូប៉ូលិសឱ្យដួលរបួសដើម្បីគេចខ្លួន

ភ្នំពេញ ៖ យុវជនពីរនាក់ ជិះម៉ូតូកែច្នៃ ត្រូវបានសមត្ថកិច្ចខណ្ឌចំការមន ដេញចាប់ឱ្យឈប់ តែមិនព្រមឈប់ ក៏លើកជើងធាក់ម៉ូតូសមត្ថកិច្ច បណ្តាលឱ្យដួលរងរបួសមុខ និងបាក់ដៃម៉ូតូខាងស្តាំ រីឯជនបង្កដួលម៉ូតូដែរ ត្រូវបានសមត្ថកិច្ចចាប់ យកមកប៉ុស្តិ៍រដ្ឋបាលទំនប់ទឹក។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង​១២ និង ៣០នាទី រំលងអធ្រា្រត ឈានចូល ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០១៧ ស្ថិតនៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា យុវជនទាំងពីរនាក់មានឈ្មោះ ឆោម វណ្ណដា អាយុ​២០ឆ្នាំ មុខរបរ ប៉ូលាម៉ូតូ ស្នាក់នៅផ្ទះជួលក្រោយវត្តទួលសង្កែ ខណ្ឌឬស្សីកែវ និងទី២ឈ្មោះ ថៃ វណ្ឌី អាយុ ២២ ឆ្នាំ មុខរបរ ជាងជួលជុលទូរទស្សន៍ ជិះម៉ូតូម៉ាកអិមអេសអិច ពណ៌ក្រហម បិទស្កុតខ្មៅ ទាញ សាកស៊ី ពាក់ស្លាកលេខ ភ្នំពេញ 1FY-5169។

ប្រភពព័ត៌មានបន្តថា មុនដំបូងមានយុវជនមួយក្រុមជិះ ម៉ូតូមួយពីរនាក់ ប្រហែលជា ៥ទៅ៦ម៉ូតូ ទើបចេញពីក្លឹបប៊្លូទ្បាញ ជិះតាមបណ្តោយផ្លូវ ២៧១ ទិសដៅពីត្បូងទៅជើងក្នុងគោលបំណងទៅទួលសង្កែ។ តែដល់ស្ពានអាកាសស្ទឹងមានជ័យ ត្រូវបានសមត្ថកិច្ច ប៉ុស្តិ៏ទំនប់ទឹក ឃាត់ឱ្យឈប់ តែពួកគេមិនព្រមឈប់ ក៏បានបន្តដំណើរ ទៅដល់មុខផ្សារ ស្ទឹងមានជ័យចាស់ សមត្ថកិច្ចតាមទាន់ ក៏យុវជន២នាក់ ជិះម៉ូតូកែច្នៃបានធាក់ម៉ូតូសមត្ថកិច្ច បណ្តាលដួល និងរងរបួសត្រូវមុខនិងបាក់ដៃម៉ូតូ តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនាំខ្លួនយុវជនទាំងពីរ នាក់ នោះមកសួរនាំ នៅប៉ុស្តិ៍រដ្ឋបាលទំនប់ទឹក និងណែនាំយុវជនទាំងពីរនាក់នោះ ទៅតាមផ្លូវច្បាប់៕

adverise with khmeread