នាវាយក្សអាមេរិកចូលចតនៅកំពង់ផែកូរ៉េខាងត្បូង ស្របពេលកំពុងតានតឹងជាមួយកូរ៉េខាងជើង

យោងតាមប្រភពព័ត៌មាន Sputniknews បានឱ្យដឹងថា នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Ronald Reagan បានចូលកំពង់ផែប៊ូសាននៅភាគខាងត្បូងកូរ៉េខាងត្បូងកាលពីថ្ងៃសៅរ៍ទី ២១ តុលា បន្ទាប់ពីការធ្វើសមយុទ្ធយោធាមួយសប្តាហ៍ពេញ ដែលជំរុញឱ្យការប្រឈមមុខគ្នាកាន់តែខ្លាំងឡើងរវាងអាមេរិកនិងកូរ៉េខាងជើង។

អាមេរិកបានបង្ហាញសមយុទ្ធទ្រង់ទ្រាយធំនៅក្នុងតំបន់រួមគ្នាជាមួយកូរ៉េខាងត្បូងក្នុងគោលបំណងដើម្បី "បង្កើនការការពាររួមគ្នា" ប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។ នេះបើតាមសម្តីរបស់លោក ម៉ាក ដាល់តុន (Marc Dalton) ដែលដកស្រង់ដោយវេបសាយ NTD.tv។

នាវា USS Ronald Reagan ទម្ងន់ ១០០.០០០ តោនបានចូលរួមនៅក្នុងសមយុទ្ធដ៏ធំដែលបានចាប់ផ្តើមនៅថ្ងៃទី ១៥ តុលានិងបញ្ចប់កាលពីថ្ងៃសុក្រទី២០ តុលា ដែលរួមមានទាំងយន្ដហោះចម្បាំង ឧទ្ធម្ភាគចក្រ ក៏ដូចជានាវាចម្បាំងនិងនាវាមុជទឹករបស់កងទ័ពជើងទឹកផងដែរ។

នាវាផ្ទុកយន្តហោះអាមេរិកនេះបានបើកចូលកំពង់ផែកូរ៉េខាងត្បូង បន្ទាប់ពីបើកល្បាតនៅដែនទឹកនៅភាគខាងកើតនៃឧបទ្វីបកូរ៉េកាលពីដើមសប្តាហ៍នេះ។

ការបើកចូលកំពង់ផែនេះបានកើតឡើង ចំពេលដែលស្ថានភាពកាន់តែអាក្រក់ទៅៗនៅឧបទ្វីបកូរ៉េ និង នៅមុនពេលនៃដំណើរទស្សនកិច្ចជាផ្លូវការជាលើកដំបូងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅកាន់ទ្វីបអាស៊ី។ ខណៈពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានហៅវាថាជាដំណើរទស្សនកិច្ចជាទៀងទាត់ទៅកូរ៉េខាងត្បូងនោះ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានហៅវាថាជា "ការបង្ហាញការវាយប្រហារដ៏ពិតប្រាកដ" មកលើកូរ៉េខាងជើង។

ដោយធ្វើអត្ថាធិប្បាយស្តីពីការធ្វើសមយុទ្ធនេះ ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុងព្យុងយ៉ាងអាចធ្វើការវាយប្រហារ​មិនធ្លាប់មានពីមុនមកលើសហរដ្ឋអាមេរិកនៅពេលវេលាមិនរំពឹងមួយ។

លើសពីនេះទៅទៀត លោកគីមជុងអ៊ុនបានប្តេជ្ញាថានឹងចាត់វិធានការវាយបកយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅពេលដែលលោកត្រាំ "គំរាមបំផ្លាញប្រទេសរបស់លោកទាំងស្រុង"។

ភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងចំពេលដែលសកម្មភាពនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើងកំពុងកក្រើកខ្លាំងឡើង។ ក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលឆ្លងអន្តរទ្វីបពីរគ្រាប់កាលពីខែកក្កដាហើយបានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី ៦ ដ៏មានឥទ្ធិពលបំផុតរបស់ខ្លួននៅកាលពីខែកញ្ញា៕

adverise with khmeread