ឃាត់ខ្លួន​ជនជាតិ​ចិន៩នាក់លួច​បើក​លេង​ល្បែងស៊ីសង​តាមអ៊ីនធឺណេត

​ព្រះសីហនុ ៖ ប៉ូលិសខេត្តព្រះសីហនុបាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​លួច​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត (Online Gambling) ក្នុង​បុរី​BS ស្ថិត​ក្នុងភូមិ៥ សង្កាត់៤ (អូរ៥) ក្រុងព្រះសីហនុនៅ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ដោយឃាត់ខ្លួន​ជនជាតិ​ចិន៩នាក់​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​ប៉ូលិសខេត្ត​ព្រះសីហនុ បានឱ្យ​ដឹងថា ប្រតិបត្តិការ​នេះ​កម្លាំង​ជំនាញ ឃាត់ខ្លួន​ជនជាតិ​ចិន៩នាក់ (ស្រី​ម្នាក់​) និង​ដកហូត​វត្ថុតាង​ជាក់ស្តែង​រួមមាន កុំ​ព្យូ​រ​ទ័​រ Laptop ចំនួន៨គ្រឿង, កុំព្យូទ័រ Desktop ចំនួន២គ្រឿង, ទូរស័ព្ទដៃ​ចំនួន៩គ្រឿង, កាត​ធនាគារ ចំនួន២៦សន្លឹក, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ចិន ចំនួន១០សន្លឹក, ម៉ាស៊ីន​បាញ់​លុយ​ចំនួន ៧គ្រឿង, Flash ឯកសារ​ចំនួន១គ្រឿង និង​លិខិតឆ្លងដែន ចំនួន១០ក្បាល។

​ក្រោយ​ឃាត់ខ្លួន​កម្លាំង​ប៉ូលិសជំនាញ បាន​នាំខ្លួន​ពួកគេ​មក​ផែន​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត៕

adverise with khmeread