បុរសខ្លាំងបាញ់រះមេឃអស់៤គ្រាប់ ជាជនស៊ីវិល ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់

ភ្នំពេញ ៖ កម្លាំងជំនាញនៃកងរាជ អាវុធហត្ថ រាជធានីភ្នំពេញបាន បញ្ជូនជនសង្ស័យម្នាក់ ឈ្មោះ ឡេង ធារ៉ា ជាជនស៊ីវិល ដែលពីមុនសង្ស័យថាជាមន្ត្រីប៉ូលិសពាក់ស័ក្តិ១ ជាប់ពាក់ព័ន្ធករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងផ្ទុះអាវុធខុសច្បាប់ ទៅកាន់តុលាការ នៅរសៀលម៉ោង៣ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ដើម្បីឱ្យព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ និងផ្តន្ទាទោស ទៅតាមផ្លូវច្បាប់។

គួររំលឹកថា កាលពីវេលាម៉ោង១ និង២០នាទី រំលងអធ្រាត្រឆ្លងចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ មានករណីបាញ់បោះសេរីមួយកើតឡើង បង្កដោយបុរសម្នាក់ ជិះរថយន្ត ស៊េរីទំនើបមួយគ្រឿងម៉ាក ឡិចស៊ីស LS450 ពណ៌ខ្មៅ នៅចំណុចផ្លូវលេខ៧៥ កែងផ្លូវ លេខ៨៤ ទល់មុខសណ្ឋាគារ ហូលីដេ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយបានដកកាំភ្លើងបាញ់រះទៅលើមេឃ ចំនួន០៤គ្រាប់ ធ្វើឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋទាំងកណ្តាលអាធ្រាត្រតែត្រូវកម្លាំងសមត្ថកិច្ចអាវុធហត្ថខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនជនបង្កបានភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុ ក៏ដូចជាសារព័ត៌មានមួយចំនួនបានសន្និដ្ឋានថា ជនបង្កគឺជាមន្ត្រីប៉ូលីសស័ក្តិមួយព្រោះថាគេឃើញជនសង្ស័យរូបនេះ មានកំភ្លើងប្រើប្រាស់។ តែជាក់ស្តែង បុរសរូបនោះ ពុំមែនជាប៉ូលិសឬជាមន្ត្រីអ្វីមួយនោះទេ គឺជាជនស៊ីវិលសុទ្ធសាធដែលបានកាន់កាប់និងប្រើប្រាស់អាវុធខុសច្បាប់។

តាមការស្រាវជ្រាវ របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា រូបគេមានឈ្មោះ ឡេង ធារ៉ា អាយុ២៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្រុកកំណើត នៅភ្នំពេញ។ បច្ចុប្បន្នរស់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំបូងឡើយរូបគេ បានស្គាល់រាប់អានគ្នា ជាបងប្អូនធម៌ ជាមួយស្ត្រីម្នាក់ តាមរយៈហ្វេសប៊ុក រហូតបានប្រហែល១ឆ្នាំ ស្ត្រីដែលជាបងធម៌ ក៏បានហៅរូបគេឱ្យមកជួយមើលការខុសត្រូវក្នុង ក្លឹបកំសាន្តមួយកន្លែង យីហោ Work Hub ស្ថិតនៅផ្លូវលេខ៨៤ សង្កាត់ ស្រះចក ខណ្ឌដូនពេញ។

បន្ទាប់មករូបគេ ក៏បានស្គាល់ជាមួយភ្ញៀវម្នាក់តែងតែផឹកស៊ីជាមួយគ្នា ដោយភ្ញៀវម្នាក់នោះប្រាប់ថា មានកាំភ្លើងមួយដើមម៉ាក XD ពណ៌ខ្មៅ ចង់រកលក់ ទើបរូបគេបានទាក់ទងទិញយកកាំភ្លើងនោះតែម្តង ក្នុងតម្លៃ ១,៥០០ ដុល្លារ ទុកសម្រាប់ប្រើប្រាស់ក្នុងក្លឹប និងដាក់តាមខ្លួនពេលចេញទៅណាម្តងៗ។

រហូតមកដល់យប់កើតហេតុ រូបគេបានបើករថយន្តចេញពីផ្ទះ ទៅក្លឹប Work Hub ហើយពេលទៅដល់ ក៏ត្រូវបងស្រីធម៌ ស្តីបន្ទោសប្រើពាក្យមិនសមរម្យជាច្រើន បង្កឱ្យមានការឈ្លោះប្រកែកគ្នា ទើបធ្វើឱ្យរូបគេផ្ទុះកំហឹង រួចរូបគេក៏បានបើករថយន្តរបស់បងធម៌ បុកបង្គោលសសរ ក្នុងក្លឹបជាច្រើនលើក ដើម្បីបញ្ចេញកំហឹង និងដកអាវុធខ្លីបាញ់ឡើងទៅលើចំនួន០៤គ្រាប់ ទើបត្រូវកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនតែម្តង៕

adverise with khmeread
tiger
Loading ad ...