ខំប្រឹងធ្វើការថែមម៉ោង ចេញពីធ្វើការ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោលប្រពន្ធ និងកូនតូច២នាក់

ភ្នំពេញ ៖ បុរសម្នាក់ជាកម្មកររោងចក្រខំប្រឹងធ្វើការថែមម៉ោង លុះចេញពីធ្វើការជិះម៉ូតូត្រឡប់ទៅផ្ទះបានជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយម៉ូតូសណ្តោងរ៉ឺម៉ករងរបួសធ្ងន់សល់ដង្ហើម ចង្រិត ខណៈរថយន្តសង្គ្រោះក្លីនិកឯកជនមកដឹកចេញបានបន្តិចបានដាច់ ខ្យល់ស្លាប់ចោលប្រពន្ធកូន មកមើលសពប្តីទាំងទឹកភ្នែក។

​គ្រោះថ្នាក់នេះកើតឡើង នៅវេលាម៉ោង៨និង០៥នាទីយប់ថ្ងៃទី ២៥ តុលា ២០១៧ លើកំណាត់ផ្លូវជាតិ៤ មុខវិទ្យាល័យហ៊ុនសែនជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅ៣ ​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​ប៉ូលិសនិយាយថា សពមានឈ្មោះ សៅ ស៊ីថា អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលម្តុំវត្តជម្លង់ម្លូ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជយ។ មានស្រុក កំណើតនៅស្រុកពារាំង ខេត្តព្រៃវែងមានប្រពន្ធឈ្នោះ ប៊ូ ស៊ុនហាក់ អាយុ៣២មុខរបរនៅផ្ទះ និងមានកូនប្រុស២នាក់ អាយុ៦ឆ្នាំ និងអាយុ១ឆ្នាំ៣ខែ។ ចំណែកម៉ូតូដែលជិះម៉ាក ហុងដារសេ១២៥ស៊េរី ០១៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CK-7048។

​តាមសាក្សីពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញសណ្តោងរ៉ឺម៉ក បើកតាមបណ្តោយផ្លូវជាតិ៤ ក្នុងទិសដៅពីកើតទៅលិចល្បឿនលឿន ហើយភ្លឺម៉ូតូមិនសូវភ្លឺទៀត។ ខណៈមកដល់ចំណុចកើតហេតុ ទំនងជាវ៉ាជែងអ្វីមួយ បានជ្រុលទៅបុកជាមួយ ម៉ូតូជនរងគ្រោះ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពេញទំហឹង បណ្តាលឱ្យជនរងគ្រោះជិះម៉ូតូរងរបួសគ្រាំក្នុងធ្ងន់ធ្ងរ។

​ប្រភពបានបន្តថា ភ្លាមនោះអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កបានទុកម៉ូតូចោលរួចរត់បាត់ពីកន្លែងហេតុ បន្ទាប់មកក៏មានរថយន្តសង្គ្រោះ គ្លីនិកឯកជនមិនមានបិទស្លាកឈ្មោះនិងឡូហ្គោត្រឹមត្រូវនោះទេមក លើកដឹកជនរងគ្រោះចេញទៅដល់រង្វង់មូលចោមចៅ ក៏ស្រាប់តែឮដំណឹងថាជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

​ក្រោយកើតហេតុ គេឃើញប្រពន្ធសពបានដឹកដៃនិងបីកូនតូច ទាំងទឹកភ្នែកជោកជាំ ស្រែកយំឱបសពប្តីនៅក្នុងរថយន្តសាម៊ុយ។​ ខណៈដែលរថយន្តសាម៊ុយនោះដឹកយកសពត្រលប់មកកន្លែងកើតហេតុវិញ។

​បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបានចុះមកវាស់វែង និងធ្វើឯកសារប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត រីឯមធ្យោបាយទាំង២គ្រឿងយកទៅរក្សាទុកនៅផ្នែកចរាចរណ៍ដើម្បីរង់ចាំការដោះស្រាយ៕

adverise with khmeread
tiger
Loading ad ...