និយាយគ្នាថ្លៃទឹកដោះត្រូវគ្នាអស់ហើយ ដល់ថ្ងៃរៀបការស្រាប់តែកើតរឿងមិននឹកស្មានដល់ កូនក្រមុំរន្ធត់ពេកសន្លប់បាត់ស្មារតី

កូនកំលោះម្នាក់នៅខេត្ត Prachiburi ប្រទេសថៃ ដែលសម្រេចចិត្តមិនបង្ហាញខ្លួនក្នុងពិធីមង្គលការរបស់ខ្លួន បច្ចុប្បន្នត្រូវបានប្ដឹងដោយក្រុមគ្រួសារខាងកូនក្រមុំ។

យោងតាមប្រភពបាងកកប៉ុស្ដិ៍ចេញផ្សាយកាលពីថ្ងៃទី២៣តុលា កូនកំលោះនោះឈ្មោះ Boonyang Sawatdee វ័យ ២៦ ឆ្នាំ និងគ្រួសារទាំងមូលរបស់គាត់បានសម្រេចចិត្តសុំចេញលុយតែលើថ្លៃរៀបអាពាហ៍ពិពាហ៍របស់ពួកគេប៉ុណ្ណោះ ពីព្រោះពួកគេមិនមានលទ្ធភាពរកលុយឯណាមកបង្គ្រប់បង់ថ្លៃទឹកដោះ ដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងអំឡុងពេលភ្ជាប់ពាក្យ។

ពិធីរៀបការត្រូវបានគ្រោងប្រារព្ធនៅផ្ទះខាងស្រីឈ្មោះ Arunee Jaengkrachang វ័យ ២៤ ឆ្នាំ នៅភូមិ Khao Din កាលពីថ្ងៃអាទិត្យ។

គ្រួសារទាំងពីរបានព្រមព្រៀងគ្នាជាមួយនឹងថ្លៃទឹកដោះ ២០ ម៉ឺនបាត (ស្មើនឹង ៦ ពាន់ដុល្លារ) និង មាស ៥ តម្លឹង។ កូនកំលោះអាយុ ២៦ ឆ្នាំបានទៅផ្ទះប្រពន្ធរបស់គាត់ ដើម្បីត្រៀមរៀបចំពិធីនេះរួចជាស្រេចនៅថ្ងៃសៅរ៍។

ហើយនៅថ្ងៃប្រារព្ធពិធីរៀបការ គ្រួសារកូនក្រមុំបានតេសួរ ហើយពួកគេថាកំពុងនៅតាមផ្លូវដោយនាំសាច់ញាតិទៅជាមួយផងដែរ។ ប៉ុន្ដែអស់ជាច្រើនម៉ោងកន្លងផុតទៅ គ្មានមនុស្សម្នាក់មកនោះទេ។ ហើយកូនក្រមុំបានព្យាយាមតេទៅដែរ ប៉ុន្ដែមិនចូល។

ក្រោយមកពីពួកគេដឹងថា កូនកំលោះមិនមានលុយបង់ថ្លៃទឹកដោះគ្រប់ចំនួន ហើយកូនក្រមុំចាប់ផ្ដើមស្លេកស្លាំងនិងសន្លប់តែម្ដង។

បច្ចុប្បន្នគ្រួសារកូនក្រមុំបានទាមទារការខូចខាត និងបានដាក់ពាក្យប្ដឹងទៅប៉ូលិស ដើម្បីចាត់វិធានការលើគ្រួសារកូនកំលោះ៕

adverise with khmeread