ឃាត់ខ្លួនចិនដីគោក ២ នាក់យកកូនកាំបិតភ្ជង់គំរាមប្លន់យកលុយជនជាតិចិនតៃវ៉ាន់ម្នាក់

​ភ្នំពេញ ៖ មានករណីយកកូនកាំបិតភ្ជង់គំរាមប្លន់យកលុយ ត្រង់ចំណុចបន្ទប់លេខ១០៤ ផ្ទះសំណាក់សុខា ផ្លូវលេខ៣១០ ក្រុមទី៩ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញនៅថ្ងៃទី២៥ តុលា ឆ្នាំ២០១៧ នៅវេលាម៉ោង៣រសៀល។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ CHIOU YIH CHIUN ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ មុខរបរ អ្នកទេសចរណ៍ ស្នាក់នៅអាផាតមិនកាសាកោះពេជ្រ ផ្លូវសុភមង្គល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាន់លិខិតឆ្លងដែន លេខ 311727582។ វត្ថុតាងដកហូត កូនកាំបិតចំនួន០២ ( របស់ជនសង្ស័យ )។

​ចំណែកជនសង្ស័យឃាត់ខ្លួនបាន០២នាក់គឺ៖ ១-ឈ្មោះ LY YUE MEI ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិនដីគោក មុខរបរមិនពិតប្រាកដ ស្នាក់នៅសណ្ឋា គារកាស៊ីណូឡាវីហ្គាស ក្រុងបាវិតខេត្តស្វាយរៀង និង២-ឈ្មោះ TANG YAN CHUN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិនដីគោក មុខរបរមិនពិត ប្រាកដ ស្នាក់នៅផ្ទះសំណាក់ម្តុំវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ សម្ភារបាត់បង់ ដុល្លារចំនួន ៦.០០០ ដុល្លារ(របស់ជនរងគ្រោះ)។

​ប៉ូលិសបន្តថា តាមការបំភ្លឺពីជនរងគ្រោះថា ខ្លួនបានស្គាល់គ្នាជាមួយជនសង្ស័យឈ្មោះ LY YUEMEI ប្រហែលមួយខែហើយ ដោយជួបគ្នានៅប្រទេសវៀតណាម។ លុះដល់ថ្ងៃទី២៥ តុលា ២០១៧ ម៉ោង២រសៀលជនសង្ស័យឈ្មោះ LY YUEMEI បានទាក់ទងតាម ទូរស័ព្ទ ( Wechat ) ណាត់ជនរងគ្រោះមកហូបបាយ នៅផ្សារសូរិយា។

​បន្ទាប់ហូបបាយរួចហើយម៉ោងរសៀល ថ្ងៃខែ ដដែល ជនសង្ស័យ ឈ្មោះ LY YUEMEI បានបបួលជនរងគ្រោះ មកលេងផ្ទះសំណាក់ដែល ខ្លួនជួលស្នាក់នៅ ( ចំណុចកើតហេតុ ) ហើយក៏បានជួបនឹងជនសង្ស័យ ម្នាក់ទៀតឈ្មោះ TANG YAN CHUN ដែលរង់ចាំនៅទីនោះស្រាប់។

​ពេលនោះជនសង្ស័យទាំង ០២ នាក់ បានយកកូនកាំបិត ( កាំបិតចិតបន្លែ ) ម្នាក់មួយមកភ្ជង់គំរាម ជនរងគ្រោះ លូកប្លន់យកលុយពីក្នុងហោប៉ៅអស់ ចំនួន៦ពាន់ដុល្លារ (បានសម្រេច)។ តែជនរងគ្រោះបានរើបម្រាស់ប្រតាយ ប្រតប់គ្នា បណ្តាលឱ្យជនរងគ្រោះ រងរបួសដាច់រលាត់បាតដៃស្តាំ ហើយជនសង្ស័យបាននាំគ្នារត់គេចខ្លួន ចេញពីផ្ទះសំណាក់ដោយមានឈាម ប្រឡាក់ជាប់ដៃ និងសម្លៀកបំពាក់។

​ខណៈពេលនោះក៏ត្រូវប៉ូលិសកំពុងល្បាតឃើញ ក៏ឃាត់ខ្លួនជន សង្ស័យទាំង០២ នាក់ និងវត្ថុតាង ឃាត់យកមកប៉ុស្តិ៍ ទួលស្វាយព្រៃទី១ សាកសួរ។

​ក្រោយពីកើតហេតុ ប៉ូលិសសហការជាមួយប៉ូលិសការិយាល័យបច្ចេកទេសក្រុង បានត្រួតពិនិត្យកន្លែងកើតហេតុរកឃើញវត្ថុតាង មួយចំនួនទៀតរួមមាន ខ្សែលីឡុង ពណ៌គគី ចំនួន០៣ខ្សែ ពណ៌ ផ្កាឈូក ចំនួន០១ខ្សែ, ស្តុតពណ៌ដីឥដ្ឋ ចំនួន ០១ខ្សែ ប្រមូលចូលគ្នា, កំរាលពូកប្រឡាកឈាម០១, ស្រោមដៃ ក្រណាត់០១គូរ។

​បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

adverise with khmeread