ការសិក្សាមួយរកឃើញថា មហាសេដ្ឋីពាន់លានម្នាក់ត្រូវបានបង្កើតឡើងរាល់ ២ ថ្ងៃម្តងនៅទ្វីបអាស៊ី ហើយអាចវ៉ាមហាសេដ្ឋីអាមេរិក ៤​ ឆ្នាំទៀត

ទ្រព្យសម្បត្តិមហាសេដ្ឋីសរុបក្នុងឆ្នាំ ២០១៦ កើនឡើងរហូតដល់ ៦ លានលានដុល្លារអាមេរិក ដោយបង្កើតមហាសេដ្ឋីប្រាក់ពាន់លានម្នាក់រៀងរាល់ ២ ថ្ងៃម្តង ក្នុងតំបន់អាស៊ី។ នេះបើយោងតាមការសិក្សារបស់ក្រុមហ៊ុន UBS ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

ការស្រាវជ្រាវនេះបានឱ្យដឹងថា ការកើនឡើងប្រចាំឆ្នាំ ១៧ ភាគរយក្នុងចំណោមអ្នកមានស្ដុកស្ដម្ភ ត្រូវបានគាំទ្រដោយការកើនឡើងចំនួនមហាសេដ្ឋីនៅអាស៊ីក៏ដូចជាការកើនឡើងក្នុងវិស័យសម្ភារៈឧស្សាហកម្ម ឧស្សាហកម្មហិរញ្ញវត្ថុ និងបច្ចេកវិជ្ជា។

លោក Josef Stadler ប្រធានមូលនិធិពិភពលោកនៅក្រុមហ៊ុន UBS បានប្រាប់ស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃព្រហស្បតិ៍ថា "អ្នកអាចនិយាយបានថារដ្ឋាភិបាល និយតករ និងធនាគារកណ្តាល អាចរួមចំណែកធ្វើឱ្យមានការបង្កើតទ្រព្យសម្បត្តិទាំងអស់នេះដោយប្រយោល"។

ធនាគារកណ្ដាលអាមេរិកបានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួន ៤ ដងចាប់តាំងពីខែធ្នូឆ្នាំ ២០១៦ ទោះបីជាបច្ចុប្បន្នមានចន្លោះពី ១ ភាគរយទៅ ១,២៥ ភាគរយនៅតែមានកម្រិតទាបនៅឡើយក្តី។

UBS ក៏បានរាយការណ៍ផងដែរថា ខណៈពេលដែលសហរដ្ឋអាមេរិកនៅតែមានមហាសេដ្ឋីដែលមានទ្រព្យធនច្រើនបំផុត ប៉ុន្តែប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ត មហាសេដ្ឋីអាស៊ីទំនងជានឹងវ៉ាដាច់សហរដ្ឋអាមេរិកក្នុងរយៈពេលបួនឆ្នាំ៕

adverise with khmeread