ចាញ់ល្បិចពួកចោរហារយនៅវត្តភ្នំ វាយហើយចោទថាចោរ យកម៉ូតូទៅបាត់

​ភ្នំពេញ ៖ មានពួកក្រុមចោរនៅលាយឡំជាមួយពួកហិតកាវ ញៀនគ្រឿងញៀន ស្រ្តីរកស៊ីផ្លូវភេទ នៅវត្តភ្នំតែងតែ វាយប្លន់យកកាបូបលុយ យកទូរស័ព្ទ និងយកម៉ូតូជាដើម ពីប្រជាពលរដ្ឋ អង្គុយលើបង់កំសាន្ត ឬសាកសងស្នេហាជាដើម ជាពិសេសបុរសៗ ដែលត្រូវការសេវា ផ្លូវភេទ។ 

​ជាក់ស្តែងបុរសម្នាក់ ឈ្មោះ យន់ ឈុននី អាយុ​២៧ឆ្នាំ មុខរបរជាងជូលជុលទូរស័ព្ទ នៅច្បារអំពៅស្នាក់នៅក្រោយពេទ្យចិន ត្រូវបានចាញ់ល្បិច ស្រីប្រុស២នាក់ វាយហើយចោទថាចោរ យកម៉ូតូទៅបាត់ កាលពីវេលា ម៉ោង១ និង ២៥នាទីយប់ឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

​ជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រូបគេ បានជិះម៉ូតូគ្រឿង ម៉ាកហុងដាឌ្រីមសង់ស៊េរី០១១ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AF-8286 បានមកអង្គុយ លេងនៅជិតវត្តភ្នំ។

​ភ្លាមនោះក៏មាននារីរកស៊ីម្នាក់មករកខ្លួន តែរូបគេមិនចង់ តែនៅតែមករកទៀត ក៏មានការទាស់សម្តីឈានដល់ការរុញ ច្រានគ្នា បណ្តាលឱ្យនារីរូបនោះ រងរបួសឆ្កូតមុខ។ 

​ភ្លាមនោះនារីខាងលើ បានទូររស័ព្ទហៅប្រុសម្នាក់ទៀត លុះមកដល់ ក៏មានការ សម្របសម្រួល ដោយបុរសជាជន សង្ស័យបាននិយាយថា ត្រូវនាំនារីនោះទៅពេទ្យ ហើយក៏ជិះម៉ូតូទាំងបីនាក់តែម្តង។

​ដោយជនសង្ស័យជាអ្នកឌុប រីឯជនរងគ្រោះ ជិះកណ្តាល លុះជិះរហូតជាច្រើនជុំ ខណៈ មកដល់ សណ្ឋាគារភ្នំពេញ ជនរងគ្រោះក៏មានការសង្ស័យ ក៏ព្យាយាមដកសោម៉ូតូ តែមិនបានកាច់ពន្លត់នោះទេ ហើយក៏ដួលម៉ូតូតែម្តង។ 

​រួចជនសង្ស័យបានវាយជនគ្រោះ ជាច្រើនដៃ ហើយស្រែកថាជនរងគ្រោះជាចោរទៅវិញ រួចក៏លើកម៉ូតូជិះយកទៅបាត់។ ចំណែកនារីរូបនោះក៏រត់គេចបាត់ភ្លាមៗផងដែរ។ 

​ក្រោយកើតហេតុ ជនរងគ្រោះក៏បានមកដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ៍ ស្រះចក៕
 

adverise with khmeread