តារាថៃរូបនេះ មាន ឬ ក្រ? ឥឡូវគេកំពុងស៊ើបអង្កេត ករណីដែលគាត់ប្រើបណ្ណសុខុមាលភាពសម្រាប់តែអ្នកក្រ

តារាបង្ហាញម៉ូតប្រុសម្នាក់ដែលត្រូវគេសង្ស័យថាធ្វើពុតជាអ្នកក្រដើម្បីទទួលបានបណ្ណសុខុមាលភាព កំពុងត្រូវបានស៊ើបអង្កេតដោយនាយកដ្ឋានគ្រប់គ្រងបញ្ជីទូទៅនៃប្រទេសថៃ។

ប្រធាននាយកដ្ឋាន លោកស្រី Suttirat Rattanachot បានថ្លែងថា គាត់បានទទួលឈ្មោះតារាបង្ហាញម៉ូតម្នាក់នេះដែលទទួលរងការរិះគន់នៅលើបណ្ដាញសង្គមចំពោះការទទួលបានប័ណ្ណសុខុមាលភាពបើទោះជារស់នៅជីវិតសុខស្រួលក្ដី។

តារាឈ្មោះ Wachrin Tankuranant ម្នាក់នេះដែលត្រូវគេមើលងាយលើបណ្ដាញសង្គមបានបង្ហាញមុខដោយនិយាយថា ខ្លួនគាត់ពិតជាក្រមែនហើយរូបភាពនៅលើបណ្ដាញសង្គម Instagram និង Facebook ដែលមានរបស់របរមានតម្លៃនោះគឺសុទ្ធតែខ្ចីឬផ្គត់ផ្គង់ដោយមិត្តភក្ដិឬទីភ្នាក់ងារសម្រាប់ការថតរូប ដោយបានបន្ថែមថា ខ្លួនចង់ធ្វើឱ្យខ្លួនមានរូបរាងស្អាតពីខាងក្រៅ។ រូបគាត់ថែមនិយាយថា ខ្លួនរស់នៅជាមួយប្អូនប្រុសដែលមិនមានការងារធ្វើ ដែលពួកគេមិនមានប្រាក់ចំណូលប្រចាំខែទេ។

លោកស្រី Suttirat បានថ្លែងថា នាយកដ្ឋាននឹងពិនិត្យពីរបៀបដែលតារាម៉ូដែលរូបនេះទទួលបានបណ្ណនេះតាមរយៈដំណើរការពិនិត្យលក្ខណៈសម្បត្តិ។

ដើម្បីមានលក្ខណៈគ្រប់គ្រាន់ដើម្បីកាន់បណ្ណនេះ មនុស្សម្នាក់ត្រូវតែមានសញ្ញាតិថៃ មានអាយុពី ១៨ ឆ្នាំឡើង រកបានមិនលើសពី ១០០.០០០ បាត (៣.០០៨ ដុល្លារ) ក្នុងមួយឆ្នាំ និងមានប្រាក់សន្សំមិនលើសពី ១០០.០០០ បាត។ លើសពីនេះ ប្រសិនបើពួកគេគ្រប់គ្រងអចលនទ្រព្យ នោះមិនត្រូវធំជាង ១០០ ម៉ែត្រការ៉េ ហើយសម្រាប់ផ្ទះល្វែងវិញគឺ ៣៥ ម៉ែត្រការ៉េ។

អគ្គនាយកនៃនាយកដ្ឋានបាននិយាយថា ការស៊ើបអង្កេតពីការពិតក៏នឹងពិនិត្យមើលថាតើតារាម្នាក់នេះបានបង់ពន្ធហើយឬនៅ ប្រសិនបើគាត់បានបង់ ថាតើគាត់បង់ពន្ធពេញលេញឬយ៉ាងណា។ នាយកដ្ឋានចំណូលក៏នឹងត្រូវស្នើឱ្យស្វែងរកការពិតប្រសិនបើតារាម្នាក់នេះមានកំណត់ត្រាពន្ធណាមួយ។ លោកស្រី Suttirat បានថ្លែងថា ការស៊ើបអង្កេតមិនចំណាយពេលយូរឡើយ។

នៅក្រោមគម្រោងសុខុមាលភាពរបស់រដ្ឋ អ្នករកប្រាក់ចំណូលទាបទទួលបានបណ្ណសុខុមាលភាពដើម្បីទិញផលិតផលអាហារក្នុងតម្លៃថោកនៅហាងឈ្មោះ Thong Fah Pracha Rat ដែលមានប្រហែល ៦០០០ ពាសពេញប្រទេសថៃ (ជាមួយចំនួនអាចកើនឡើង ២០.០០០ ហាងនៅថ្ងៃអនាគត) និងហាងដែលបានកំណត់ផ្សេងទៀត។

រដ្ឋាភិបាលថៃផ្ទេរប្រាក់ ២០០ ទៅ ៣០០ បាត (៦ ទៅ ៩ ដុល្លារ) ក្នុងមួយខែទៅបណ្ណនីមួយៗ។ អ្នកទទួលបានប្រាក់ចំណូលតិចជាង ៣០.០០០ បាត (៩០៣ ដុល្លារ) ក្នុងមួយឆ្នាំ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ៣០០ បាត និងអ្នកដែលមានប្រាក់ចំណូលប្រចាំឆ្នាំក្នុងចន្លោះ ៣០.០០០ ទៅ ១០០.០០០ បាតទទួលបាន ២០០ បាតក្នុងមួយខែ៕

adverise with khmeread