ក្មេងស្ទាវឥណ្ឌាអត់បានទេ!​ គ្រាន់តែជនបរទេសថើបគ្នាសោះ ទើសភ្នែកពេកយកដុំថ្មគប់ប្រេះលលាដ៍ក្បាលលេង!

កាលពីសប្តាហ៍មុនជនបរទេសជាគូស្នេហ៍មួយគូត្រូវបានក្មេងស្ទាវឥណ្ឌាពីរបីនាក់ព្រួតវាយដោយគប់នឹងដុំថ្ម។ នេះបើតាមរបាយការណ៍ព័ត៌មាននានាក្នុងស្រុករបស់ឥណ្ឌា។

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបាននិយាយថា គូសង្សារជនជាតិស្វីសឈ្មោះ Quentin Jeremy Clerc និង Marie Droz ដែលត្រូវបានក្មេងស្ទាវព្រួតវាយប្រហារនៅទីក្រុង Fatehpur Sikri ភាគខាងជើងប្រទេសឥណ្ឌា បន្ទាប់ពីពួកនេះបានដើរតាមពីក្រោយគូស្នេហ៍នេះនៅតាមផ្លូវស្ងាត់មួយ។

ប្តីប្រពន្ធនេះកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្រុងដេលី។ លោក Quentin Jeremy Clerc បានរងរបួសប្រេះឆ្អឹងលលាដ៍ក្បាល និង ដាច់សរសៃប្រសាទ ខណៈដែលនាង Droz បានបាក់ឆ្អឹងដៃ។

មេធាវីកំពូលម្នាក់របស់ឥណ្ឌា លោកស្រី Sushma Swaraj បានទាមទារឱ្យមានការស៊ើបអង្កេតលើបញ្ហានេះបន្ទាប់ពីឧបទ្ទវហេតុដ៏គួរឱ្យរន្ធត់នេះបានជះក្លិនស្អុលដល់វិស័យទេសចរណ៍ឥណ្ឌា។

កាសែត The Times of India បានសន្ទនាគ្នាជាមួយអនីតិជនដៃដល់ ៣ នាក់ក្នុងចំណោមជនដៃដល់ជាច្រើននាក់ទៀត។ ជនជាប់ចោទម្នាក់ឈ្មោះ Mahendra បាននិយាយថា "យើងបានឃើញពួកគេពីចម្ងាយហើយពួកគេបានមកសួរយើងខ្លះៗអំពីទីក្រុង Fatehpur តែយើងស្តាប់មិនសូវយល់ទេ។ ពួកគេរួសរាយរាក់ទាក់ណាស់ ប៉ុន្តែបន្តិចក្រោយមកយើងឃើញពួកគេថើបគ្នា។ ដោយគ្មានមូលហេតុអីសោះ Pankaj (អាយុ ១៩ ឆ្នាំនិងម្នាក់ក្នុងចំណោម មនុស្សធំទាំង២នាក់បានចាប់ផ្តើមវាយទៅលើជនបរទេស រួមជាមួយក្មេងៗទាំង ៣ នាក់នេះ) បានចាប់ផ្តើមវាយពួកគេ។ យើងក្មេងៗឃើញអ៊ីចឹងក៏បានចូលរួមវាយដែរ"។

ទោះយ៉ាងណា សម្តីរបស់ក្មេងទាំងបីគឺផ្ទុយគ្នាពីការអះអាងរបស់ Clerc។ Clerc បានអះអាងថាក្មេងស្ទាវទាំងនោះបានសំឡុតគំរាមចង់ថត Selfie ជាមួយមិត្តស្រីខ្លួន។ បន្ទាប់ពីសង្សារមួយគូនេះមិនព្រមឱ្យថត ពួកវាក៏ព្រួតគ្នាវាយតែម្តង ដោយមានទាំងដុំថ្មគប់មកព្រោងព្រាត៕

adverise with khmeread