វាយប្រហារភេរវកម្មនៅបុរីញូវយ៉ក ស្លាប់ ៨ នាក់ របួស ១១ នាក់

យោងតាមប្រភព Channelnewsasia បានឱ្យដឹងថា អ្នកបើករថយន្តម្នាក់បានសម្លាប់មនុស្ស ៨ នាក់នៅទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារទី ៣១ តុលា ដោយបើកបរចូលផ្លូវសម្រាប់អ្នកជិះកង់និងអ្នកថ្មើរជើង មុនពេលបើកបំបុករថយន្តក្រុងសាលារៀនមួយ ដែលមន្ត្រីបានចាត់ទុកថាជា "អំពើភេរវកម្មដ៏កម្សាក"។

មនុស្ស ១១ នាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហារកណ្តាលថ្ងៃចែសនិងជាការវាយប្រហារទាក់ទងនឹងអំពើភេរវកម្មដំបូងបង្អស់នៅក្នុងមណ្ឌលហិរញ្ញវត្ថុនិងកម្សាន្តរបស់អាមេរិក ចាប់តាំងពីការវាយប្រហារថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ ដែលក្នុងនោះពួកអាល់កៃដាបានប្លន់យន្តហោះពីរគ្រឿងបើកបំបុកអគារភ្លោះ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានទប់ស្កាត់ចំនួនជនអន្តោប្រវេសន៍មិនឱ្យចូលសហរដ្ឋអាមេរិកនោះ បានប្រកាសយ៉ាងលឿនថា សហរដ្ឋអាមេរិក "មិនត្រូវ" អនុញ្ញាតឱ្យក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម "វិលត្រឡប់មកវិញ ឬ ចូលក្នុងប្រទេសរបស់យើង បន្ទាប់ពីបំបាក់ពួកនេះ" នៅក្រៅប្រទេសបានឡើយ។

អ្នកបើកបរឡានដឹកទំនិញនោះបានវាយប្រហារតែប៉ុន្មានប្លុកប៉ុណ្ណោះពីស្តូបរំលឹកវិញ្ញាណក្ខន្ធថ្ងៃ ១១ កញ្ញា នៅភាគខាងលិចនៃជាយតំបន់ម៉ាហាថែន និងក្បែរសាលារៀននិងសួនឧទ្យាននៅម៉ោង ៣:០៥ រសៀល នៅពេលដែលកុមារនិងឪពុកម្តាយរបស់ពួកគេបានកំពុងត្រៀមខ្លួនសម្រាប់ពិធីបុណ្យហាឡូវិន (Halloween)។

លោកត្រាំបានប្រកាសខ្លួនគាត់ជាសាធារណៈថាជាមនុស្ស "ឈឺចិត្តខ្លាំង" និង "ខូចចិត្ត" ។ បណ្តាញទូរទស្សន៍បានរកឃើញថាជនសង្ស័យមានអាយុ ២៩ ឆ្នាំជាពលរដ្ឋអ៊ូបេគីស្ថានរស់នៅរដ្ឋផ្លរីដា។ គាត់ត្រូវបានប៉ូលិសបាញ់ចំក្បាលពោះ និង ត្រូវបាននាំទៅឃុំខ្លួន។

ប៉ូលិសនិយាយថា គាត់បានបើកឡានជួលរបស់ក្រុមហ៊ុន Home Depot នៅលើផ្លូវសម្រាប់កង់និងដើរថ្មើរ ដោយបោលបំបុកហ្វូងមនុស្សថ្មើរជើងនិងកង់ជាច្រើន មុនពេលបុកជាមួយឡានក្រុងដឹកសិស្សសាលា ដោយធ្វើឱ្យរបួសមនុស្សធំពីរនាក់និងកូនសិស្សពីរនាក់ទៀត។

ប៉ូលិសបាននិយាយថា ជនសង្ស័យបានចាកចេញពីរថយន្ត ដោយមានកាំភ្លើងពីរដើម មុនពេលត្រូវបានប៉ូលិសបាញ់។

លោក ប៊ីល ដេ ប្លាស៊ីអូ (Bill de Blasio) អភិបាលក្រុងញូវយ៉ក និយាយថា "នេះគឺជាអំពើភេរវកម្មនិងសកម្មភាពភេរវកម្មដ៏កម្សាកញីដែលសំដៅទៅលើជនស៊ីវិលស្លូតត្រង់ និងសំដៅទៅលើមនុស្ស ដែលរស់នៅក្នុងជីវិតរបស់ពួកគេដោយមិនដឹងថានឹងមានអ្វីវាយប្រហារពួកគេ" ។

ប៉ូលិសនិយាយថា មនុស្ស ៨ នាក់ត្រូវបានសម្លាប់ក្នុងនោះមាន ៦ នាក់ជាបុរស ដែលស្លាប់នៅនឹងកន្លែង ហើយ ២​ នាក់ទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យ។ ក្រុមមន្ត្រីនិយាយថាមនុស្ស ១១ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយមានរបួសធ្ងន់ធ្ងរ ប៉ុន្តែមិនគំរាមកំហែងដល់ជីវិតនោះទេ។

ប្រទេសបែលហ្ស៊ិកនិយាយថា ជនជាតិខ្លួនម្នាក់ស្ថិតក្នុងចំណោមជនរងគ្រោះ៕



adverise with khmeread