ក្រុមបិសាចក្រហម Manchester United ត្រៀមរួមរាល់ហើយដើម្បីបើកលុយពីធនាគារដើម្បីទិញកីឡាករ Pierre-Emerick Aubameyang របស់ក្រុម Dortmund និងធ្វើឲ្យរូបគេក្លាយជាកីឡាករល្បីបំផុតក្នុងពិភពលោក។
អនុប្រធាននាយកប្រតិបត្តិលោក Ed Woodward បានសម្លឹងឃើញខ្សែប្រយុទ្ធកំពុងឡើងជើងស៊ុតច្បាស់របស់ក្រុមខ្លាំង Borussia Dortmund ដែលជាគោលដៅទីមួយរបស់ក្លឹបក្នុងរដូវក្តៅខាងមុខនេះ។
បើទោះជាពួកគេកំពុងជួបការលំបាកក្នុងការតោងកំពូលទាំងបួននៅក្នុងក្របខ័ណ្ឌ Premier League ក៏ដោយ ក៏ Man Utd មានទំនុកចិត្តក្នុងការទាក់ទាញ Aubameyang មកទឹកដី Old Trafford ដដែល។
ក្រុមបិសាចក្រហមនឹងត្រៀមលុយ ៦០ លានផោន ប្រាក់ឈ្នួល ២០ ម៉ឺនផោនក្នុងមួយសប្តាហ៍ និងសន្យាថានឹងធ្វើឲ្យរូបគេក្លាយជា Superstar ទៀតផង។
Man Utd ទទួលបានដំណឹងល្អពីអ្នកតំណាងរបស់ Aubameyang ហើយៗពួកគេសង្ឃឹមមុតមាំថានឹងយកកីឡាកររូបនេះពីគូសត្រូវរបស់ខ្លួននាពេលខាងមុខ។
បិសាចក្រហមជឿថា ការផ្ទេរកីឡាកររូបនេះមកទឹកដី Old Trafford នឹងធ្វើឲ្យមានភាពទាក់ទាញដល់តារាល្បីក្នុងពិភពបាល់ទាត់ដទៃទៀត បើទោះជាពួកគេត្រូវចាយលុយច្រើនយ៉ាងណាក៏ដោយ។
ក្រុមកាំភ្លើងធំ Arsenal ក៏ជាប់ទាក់ទងនឹងកីឡាករនេះដែរ ប៉ុន្តែពួកគេរន្ធត់ចិត្តចំពោះតម្លៃដ៏ថ្លៃសម្រាប់កីឡាករខ្សែប្រយុទ្ធគុណភាពបែបនេះ ប៉ុន្តែចំពោះ Man Utd វិញ ពួកគេមិនខ្វល់រឿងលុយឡើយ ឲ្យតែបានអ្វីដែលពួកគេចង់បាន។
ពួកគេមានលុយមហាសាលសម្រាប់ចំណាយ ហើយចង់ក៏សាងក្រុមនេះឡើងវិញ បើទោះជាបញ្ហាគ្រូបង្វឹកនៅតែស្ថិតនៅចំពោះមុខក៏ដោយ។
លោក Van Gaal ដឹងថា គាត់នឹងចាកចេញ បើសិនគាត់មិនអាចបញ្ចប់រដូវកាលនេះនៅកំពូលទាំងបួនដើម្បីត្រឡប់ទៅបាល់ទាត់ Champions League វិញ។
លោក Jose Mourinho កំពុងតែស្ថិតជាបេក្ខភាពដ៏ពេញនិយមសម្រាប់ជំនួសតំណែងលោក Louis van Gaal ប៉ុន្តែរឿងនេះមិនប៉ះពាល់ដល់គម្រោងទិញដូរកីឡាកររបស់ក្លឹបទេ៕
