ជាករណីកម្រនិងពិសេសបំផុត! តុលាការកាត់ទោសស្រាលបំផុតចំពោះលោកយាយអាយុ ៨៣ ឆ្នាំ ដែលសម្លាប់កូនប្រុសពិការចេញពីក្តីស្រឡាញ់ ពីព្រោះ...

ដោយបារម្ភថាគ្មាននរណាម្នាក់ថែរក្សាកូនប្រុសពិការរបស់គាត់បន្ទាប់ពីគាត់ស្លាប់ទៅ ស្ត្រីចំណាស់ម្នាក់ក្នុងប្រទេសចិនបានសម្រេចចិត្តបញ្ចប់ជីវិតកូនប្រុសគាត់ដោយដៃរបស់គាត់ផ្ទាល់។

កាលពីថ្ងៃទី ៩ ខែឧសភា លោកយាយហ័ង អាយុ ៨៣ ឆ្នាំបានបញ្ចុកថ្នាំងងុយដេកប្រមាណ ៦០ គ្រាប់ មុនពេលរឹតកគាត់នឹងកន្សែងឱ្យស្លាប់ ខណៈគ្រួសាររបស់គាត់នៅឆ្ងាយពីផ្ទះ។ នេះបើតាមប្រភព AsiaOne កាលពីថ្ងៃទី ២វិច្ឆិកា។

បន្ទាប់ពីបុរសអាយុ ៤៦ ឆ្នាំរូបនេះបានស្លាប់ទៅហើយនោះ លោកយាយបានប្រគល់ខ្លួនឱ្យប៉ូលិស។

នៅពេលតុលាការនៅក្វាងចូវបានស្តាប់ឮរឿងរ៉ាវរបស់លោកយាយនៅថ្ងៃទី ១៤ កញ្ញា ស្ត្រីវ័យចំណាស់នេះបានប្រាប់មូលហេតុនៅពីក្រោយការសម្លាប់នេះ។

លោកយាយហ័ងបាននិយាយថា "ខ្ញុំសុខចិត្តប្រព្រឹត្តបទល្មើសជាជាងមើលគាត់បន្តរងទុក្ខវេទនា"។

ដោយកើតមកមិនគ្រប់ខែ កូនប្រុសរបស់លោកយាយបានទទួលរងជំងឺពិការទាំងផ្លូវកាយនិងផ្លូវចិត្ត។ កូនគាត់មិនអាចមើលថែខ្លួនឯងបានទេ ហើយស្ថានភាពរបស់គាត់បានប្រែទៅជាអាក្រក់ខ្លាំងឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

ទោះបីជាលោកយាយមិនដែលបោះបង់ចោលគាត់ក៏ដោយ ក៏ប៉ុន្តែលោកយាយហ័ងនិយាយថា រូបលោកយាយមានការលំបាកក្នុងការថែទាំកូនប្រុសដេកលើគ្រែមួយកន្លែងរបស់គាត់ នៅពេលលោកយាយកាន់តែខ្សោយទៅតាមអាយុ។

លោកយាយហ័ងបានបន្ថែមថា លោកយាយមិនចង់ទម្លាក់បន្ទុកមើលថែទៅកូនប្រុសច្បងទេ ពីព្រោះ "លោកយាយជាអ្នកបង្កើតគាត់ និងធ្វើឱ្យគាត់រងទុក្ខវេទនា"។

លោកយាយក៏មិនចង់បញ្ជូនកូនប្រុសពិការរបស់គាត់ទៅកាន់មណ្ឌលសុខុមាលភាពរបស់រដ្ឋដែរព្រោះលោកយាយបារម្ភថាកូនគាត់នឹងមិនទទួលបានការថែទាំត្រឹមត្រូវនៅទីនោះ។

នោះហើយជាពេលដែលលោកយាយចាប់ផ្ដើមសញ្ជឹងគិតអំពីការសម្លាប់ដោយក្តីមេត្តាករុណា។

នៅតុលាការ កូនប្រុសច្បងរបស់លោកយាយហ័ងបាននិយាយថា ម្តាយរបស់គាត់បានសម្លាប់ប្អូនប្រុសគាត់ដើម្បីបញ្ចប់ការឈឺចាប់របស់គាត់ មិនមែនដើម្បីធ្វើបាបគាត់ទេ។ ប្អូនថ្លៃរបស់លោកយាយហ័ងក៏បានប្រាប់តុលាការក្នុងលិខិតអង្វរជាលាយលក្ខណ៍អក្សរមួយថា លោកយាយហ័ងបានមើលថែកូនប្រុសរបស់គាត់យ៉ាងល្អ ទោះបីជាមានការលំបាកក្នុងការថែទាំគាត់អស់ជាច្រើនឆ្នាំក៏ដោយ។

ទីបំផុតតុលាការបានរកឃើញថា ជនល្មើសឈ្មោះហ័ងមានពិរុទ្ធពីបទប្រព្រឹត្តអំពើឃាតកម្មដោយចេតនាកាលពីថ្ងៃទី ២៦ តុលានិងបានផ្តន្ទាទោសឱ្យជាប់គុក ព្យួររយៈពេល ៣ ឆ្នាំ។

ចៅក្រមបានប្រាប់បណ្តាញសារព័ត៌មានចិនថា "នេះគឺជាករណីពិសេសតែមួយគត់ ដែលស្ត្រីម្នាក់បានសម្លាប់កូនប្រុសរបស់គាត់ចេញពីក្តីស្រឡាញ់។ ប៉ុន្តែសិទ្ធិក្នុងការរស់រានមានជីវិតគឺជាសិទ្ធិសំខាន់បំផុតរបស់មនុស្ស ហើយសូម្បីតែមាតាឬបិតាក៏មិនអាចដកយកសិទ្ធិនេះចេញបានដែរ"៕

adverise with khmeread