ឃាត់ខ្លួនបុរសចិនម្នាក់ផ្លោះរបងក្រុមហ៊ុនចូលលួចលុយ

​ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ បានសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទផ្លោះរបងចូលក្រុមហ៊ុន លួចលុយចំនួន១៦៧$ និង៤០.០០០រៀលប្រព្រឹត្តនៅចំណុចក្រុមហ៊ុន SHMC ដែល មានទីតាំងផ្ទះលេខ៧ ផ្លូវ លេខ៦០៤ កែងផ្លូវលេខ៣១១ ក្រុមទី៣៦ ភូមិ៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោកនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៧យប់។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ WANG JIA LE ( វ៉ាង ចាលី ) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំស្គាល់លេខ ផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

​ចំណែកជនរងគ្រោះឈ្មោះ SHI ZHENLING  ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរ វិស្វករសំណង់ ស្នាក់នៅផ្ទះលេខ៧ ផ្លូវលេខ៦០៤ កែងផ្លូវលេខ៣១១ ក្រុម ទី៣៦ ភូមិ៨ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​វត្ថុតាងចាប់យកមានប្រាក់អាមេរិកចំនួន១៦៧$ ( មួយរយហុកសិបប្រាំពីរដុល្លារ សហរដ្ឋអាមេរិក) និងប្រាក់រៀលចំនួន៤០០០០រៀល (បួនម៉ឺនរៀល), ដង្កាប់ចំនួន០១ និងក្បាលម៉ាស៊ីនកាម៉េរ៉ាសុវត្ថិភាពចំនួន០១ និងទូរស័ព្ទដៃមួយគ្រឿងម៉ាក Samsung S6 Plus ពណ៌ទឹកមាស។

​ចំណែកប្រាក់ដុល្លារ និងប្រាក់រៀល និងក្បាលម៉ាស៊ីនកាម៉េរ៉ាសុវត្ថិភាព ជារបស់ជនរងគ្រោះបានធ្វើការប្រគល់ឱ្យជនរងគ្រោះវិញតាមការស្នើសុំ ដោយមានការឯកភាពពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។

​ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ SHI ZHENLING ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន បានបិទទ្វារចាក់សោក្រុមហ៊ុន CHMC ត្រឹមត្រូវរួចបានចេញទៅហាត់កីឡា (វាយសី) នៅខាងក្រៅ។

​រហូតដល់ម៉ោងប្រហែល៥ និង៥០នាទីល្ងាចទើបជនរងគ្រោះត្រឡប់មកក្រុមហ៊ុនវិញ រួចបានចូលទៅបន្ទប់ទឹកដើម្បីងូតទឹក។ រហូតមកដលម៉ោងប្រហែល ៦ល្ងាចជនរងគ្រោះបានចេញពីបន្ទប់ទឹកវិញ ស្រាប់តែបានលុយចំនួន១៦៧$ និង៤០.០០០៛ ពីក្នុងកាបូបរបស់ខ្លួនដែលដាក់នៅលើគ្រែ។

​ពេលនោះជនរងគ្រោះក៏បានដើរឆែកតាមបន្ទប់មើល ស្រាប់តែឃើញជនសង្ស័យឈ្មោះ WANG  JIA LE ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន កំពុងលាក់ខ្លួននៅក្រោមកាំជណ្ដើរ។ ភ្លាមនោះជនរងគ្រោះក៏ឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២តែម្ដង។ 

​បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕


 

adverise with khmeread