ចិនសាកល្បងជោគជ័យលើកទី ៣ នូវយន្តហោះដឹកអ្នកដំណើរផលិតក្នុងស្រុកជាលើកដំបូង ដោយសង្ឃឹមថានឹងប្រជែងស្មើមុខស្មើមាត់ជាមួយ Boeing 737 និង Airbus SE A320

យន្តហោះដឹកអ្នកដំណើរ C919 ផលិតក្នុងប្រទេសចិនបានបញ្ចប់ការហោះហើរសាកល្បងលើកទី ៣ របស់ខ្លួននៅថ្ងៃសុក្រទី៣វិច្ឆិកានេះ ដោយធ្វើឱ្យប្រទេសអាស៊ីមួយនេះបោះជំហានខិតកាន់តែជិតទៅនឹងគោលដៅរបស់ខ្លួនក្នុងការក្លាយជាអ្នកផលិតយន្តហោះស៊ីវិលមួយលើសកលលោក។ នេះបើតាមក្រុមហ៊ុនផលិតយន្តហោះនេះប្រាប់ឱ្យដឹងដូច្នេះ។

យន្តហោះ C919 ដែលនឹងប្រកួតប្រជែងជាមួយយន្តហោះ Boeing 737 និងយន្តហោះ Airbus SE A320 គឺជានិមិត្តរូបនៃមហិច្ឆតាយន្តហោះស៊ីវិលរបស់ចិន និងការជំរុញរបស់ប្រធានស៊ីជីនពីងដើម្បីបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួន។

ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Commercial Aircraft Corp of China Ltd (COMAC) និយាយថា យន្តហោះនេះបានហោះចេញពីម៉ោង ៧:៣៨ នាទីព្រឹក ដោយហោះរយៈពេល ៣ ម៉ោងនិង ៤៨ នាទីមុនពេលចុះចតនៅម៉ោង ១១:២៦ នាទីព្រឹកម៉ោងក្នុងស្រុក។ ការហោះហើរនេះធ្វើឡើង ៣៦ ថ្ងៃបន្ទាប់ពីការសាកល្បងលើកមុន។

ទិន្នន័យពីវេបសាយតាមដានជើងហោះហើរ Flightradar 24 បានបង្ហាញថា យន្តហោះនេះបានហោះនៅកម្ពស់ប្រហែល ៣.០៤៨ ម៉ែត្រយ៉ាងយូរ ពេលវាហោះជុំវិញទីក្រុងសៀហៃ។

អនុប្រធានក្រុមហ៊ុន COMAC លោក ស៊ី ចៀនចុង បាននិយាយមុននេះថា គម្លាតរវាងជើងហោះហើរសាកល្បងនាពេលអនាគតរបស់យន្តហោះ C919 នឹងមានរយៈពេលខ្លីជាងគម្លាតជិត ៥ ខែរវាងការសាកល្បងលើកទី ១ និងទី ២។

នោះជារយៈពេលយូរខ្លាំងណាស់ បើប្រៀបធៀបនឹងយន្តហោះផ្សេងទៀតដូចជា Airbus A350 ដែលមានគម្លាតសាកល្បងតែ ៥ ថ្ងៃប៉ុណ្ណោះ។

កាលពីខែមុន មន្ត្រីក្រុមហ៊ុនម្នាក់បាននិយាយថា អាកាសធាតុមិនល្អបានរារាំងផែនការហោះហើរសាកល្បងលើកទី ៣ របស់យន្តហោះ C919 ដែលត្រូវបានរំពឹងទុកថានឹងចាប់ផ្តើមក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ពីការសាកល្បងលើកទី២។

កាលពីថ្ងៃសុក្រនេះ ក្រុមហ៊ុន COMAC មិនបានឆ្លើយតបនឹងសំណួរបន្ថែមទាក់ទងនឹងគម្លាតពេលវេលាបន្ទាប់ពីការសាកល្បងលើកទី៣នេះទេ។

ក្រុមហ៊ុនអាកាសចរណ៍ Avolon ដែលជាក្រុមហ៊ុនជួលយន្តហោះចិនដែលមានមូលដ្ឋាននៅប្រទេសចិនបាននិយាយកាលពីថ្ងៃចន្ទថា យន្តហោះ C919 មិនត្រូវបានរំពឹងថានឹងបញ្ចូលក្នុងសេវាកម្មពាណិជ្ជកម្មមុនឆ្នាំ ២០២០ នោះទេ៕

adverise with khmeread