ភ្នំពេញនឹងមានប្រព័ន្ធតាក់ស៊ីផ្លូវទឹកឆាប់ៗនេះហើយ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងទៅកាន់មន្ត្រីជាន់ខ្ពស់នៃក្រសួងយ៉ាងដូច្នេះថា លោកចង់ឱ្យប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកធ្វើប្រតិបត្តិការពីភ្នំពេញទៅខេត្តកណ្ដាល មុនខែមេសាឆ្នាំក្រោយ។

យោងតាមទំព័រ Facebook របស់ក្រសួងចេញផ្សាយនៅថ្ងៃទី ១ ខែវិច្ឆិកា លោករដ្ឋមន្ត្រីបានថ្លែងថា ការដឹកជញ្ជូនតាមផ្លូវទឹកនឹងជួយបញ្ចៀសការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានី។

លោកក៏បានជំរុញដល់ "អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកពន្លឿនគម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកពីរាជធានីភ្នំពេញទៅខេត្តកណ្ដាលឱ្យបានមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ដោយចំណតកំពង់ផែនីមួយៗត្រូវមានការតភ្ជាប់ជាមួយនឹងចំណតឡានក្រុង ដើម្បីបង្កភាពងាយស្រួលដល់អ្នកធ្វើដំណើរ"។

យោងតាមវេបសាយខ្មែរថែមស៍ឱ្យដឹងថា សេវាកម្មតាមផ្លូវទឹកនេះនឹងមានរយៈចម្ងាយ ២៥ គីឡូម៉ែត្រដែលមានទីតាំងពីស្ពានព្រែកព្នៅរហូតដល់ទីក្រុងតាខ្មៅក្នុងខេត្តកណ្ដាល តាមរយៈទន្លេសាបនិងទន្លេបាសាក់។ ក្រោមគម្រោងនេះ ទូកដឹកអ្នកដំណើរចំនួន ២០ នឹងត្រូវប្រើប្រាស់ដោយធ្វើដំណើរបួនដងក្នុងមួយថ្ងៃ។ រាល់ទូកនីមួយៗនឹងដឹកអ្នកដំណើររហូតដល់ ៩០ នាក់និងធ្វើដំណើរក្នុងល្បឿន ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ គេនឹងឃើញមានចំណតកំពង់ផែចំនួន៩តាមដងទន្លេទាំងពីរ។

គួរបញ្ជាក់ថា អតីតអភិបាលក្រុងលោក ប៉ា សុជាតិវង្ស បានបញ្ជាក់កាលពីដើមឆ្នាំនេះថា ការដឹកជញ្ជូនតាមផ្លូវទឹកនឹងដំណើរការដោយសាលារាជធានីភ្នំពេញនិងត្រូវចំណាយប្រាក់ប្រមាណ ២២ លានដុល្លារ៕

adverise with khmeread