កប៉ាល់យក្សសម្រាប់បូមខ្សាច់កសាងកោះសិប្បនិម្មិតនៅសមុទ្រចិនខាងត្បូង ត្រូវបានចិនដាក់ឱ្យបើកលើសមុទ្រហើយ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃសៅរ៍ទី៤វិច្ឆិកាថា ប្រទេសចិនបានបង្ហាញនាវាដ៏ធំមួយដែលគេពណ៌នាថាជា "អ្នកផលិតកោះវេទមន្ត" ពោលគឺជានាវាបូមខ្សាច់ធំបំផុតនៅអាស៊ី។

យោងតាមកាសែត China Daily បានឱ្យដឹងថា កប៉ាល់ដែលមានសមត្ថភាពផលិតកោះសិប្បនិម្មិតដែលចិនកំពុងសាងសង់នៅក្នុងសមុទ្រចិនខាងត្បូង ត្រូវបានដាក់ឱ្យបើកលើសមុទ្រកាលពីថ្ងៃសុក្រនៅកំពង់ផែមួយនៅខេត្តជាំងស៊ូភាគខាងកើត។

កាសែតនេះបាននិយាយថា កប៉ាល់ឈ្មោះ Tian Kun Hao អាចបូមខ្សាច់បាន ៦.០០០ ម៉ែត្រគូបក្នុងមួយម៉ោងដែលស្មើនឹងអាងហែលទឹកស្តង់ដារចំនួន ៣។

វាជានាវាថ្មីធំជាងនាវាណាៗទាំងអស់ ដែលចិនធ្លាប់យកមកបូមខ្សាច់ ភក់ និងផ្កាថ្មដើម្បីប្រែក្លាយថ្មប៉ប្រះទឹកនិងកោះតូចៗនៅក្នុងសមុទ្រចិនខាងត្បូងទៅជាកោះសិប្បនិម្មិត ដែលមានសមត្ថភាពដំឡើងទីតាំងយោធា។

កាសែត China Daily បានកត់សម្គាល់ថា នៅពេលដែលការសាកល្បងនាវានេះត្រូវបានបញ្ចប់នៅខែមិថុនាឆ្នាំក្រោយ វានឹងក្លាយជានាវាដ៏មានឥទ្ធិពលបំផុតមួយនៅអាស៊ី។ កាសែតនេះបានដាក់រហស្សនាមវាថា "អ្នកផលិតកោះវេទមន្ត"៕

adverise with khmeread