iPhone X ជាង ១.០០០ ដុល្លារ ទើបតែទិញពីហាងជ្រុះបែកខ្ទេច

អ្នកគាំទ្រក្រុមហ៊ុន Apple ចំនួន ៣ នាក់នៅក្នុងប្រទេសចិនបានបង្ហោះរូបភាពនិងវីដេអូ ដោយបង្ហាញពីទូរស័ព្ទ iPhone X របស់ពួកគេបែកខ្ទេច បន្ទាប់ពីបុរសទាំងបីបានទម្លាក់គ្រឿងអេឡិចត្រូនិចដ៏ថ្មីសន្លាងទើបបកចេញពីប្រអប់របស់ពួកគេ។

ស្មាតហ្វូនដែលគេទន្ទឹងរង់ចាំយ៉ាងអន្ទះសារ តម្លៃចាប់ពី ១.៣០០ ដុល្លារនៅចក្រភពអង់គ្លេស និង ១.៤៦០ ដុល្លារនៅប្រទេសចិននេះ ទើបតែដាក់លក់នៅលើទីផ្សារទូទាំងពិភពលោកនៅថ្ងៃទី ៣ វិច្ឆិកា។

ទូរស័ព្ទ iPhone X ប្រើវត្ថុធាតុកញ្ចក់ដូចគ្នាទៅនឹងទូរស័ព្ទ iPhone 8 ដែលគេនិយាយថាជាទូរស័ព្ទរឹងបំផុតនិងជាប់លាប់បំផុតសម្រាប់ទូរស័ព្ទស្មាតហ្វូននេះ ប៉ុន្តែអ្នកវិភាគបច្ចេកវិជ្ជាពេញនិយមម្នាក់បានចង្អុលបង្ហាញថា បន្ទាប់ពីការធ្វើតេស្តទម្លាក់ចុះឃើញថា កញ្ចក់នៅតែជាកញ្ចក់ ហើយវានឹងបែក ប្រសិនបើទម្លាក់ចុះ។

រូបភាពដែលលេចធ្លាយនៅលើវេបសាយបណ្តាញសង្គមចិន Weibo បានបង្ហាញថា iPhone X ដែលបំពាក់កាមេរ៉ាពីរខាងក្រោយនិងខ្នងកញ្ចក់សុទ្ធ បានបែកទាំងស្រុង។

បុរសម្នាក់អាចត្រូវបានគេស្តាប់ឭនិយាយចម្អកឱ្យទូរស័ព្ទបែកនេះថា "តើវាមើលទៅល្អជាងមុនមែនទេ? វាមានលក្ខណៈប្លែកពីមុនណាស់ ហាសហា"។

យោងតាមវេបសាយព័ត៌មានបច្ចេកវិជ្ជាចិន IT 168 បានឱ្យដឹងថា iPhone X ត្រូវបានទម្លាក់កាលពីយប់ថ្ងៃសុក្រ គឺទើបតែទិញបានប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទូរស័ព្ទនេះចេញលក់ជាផ្លូវការ។

វីដេអូឃ្លីបនេះត្រូវគេជឿថាថតនៅក្នុងហាងលក់រាយមួយនៅប្រទេសចិន។

គេមិនដឹងច្បាស់ថាតើទូរស័ព្ទម៉ាកថ្មីនេះបានបែកដោយរបៀបណាទេ ប៉ុន្តែគេអះអាងថាមុខងារផ្សេងទៀតរបស់ទូរស័ព្ទនៅដំណើរការបានល្អឥតខ្ចោះដដែល៕ ប្រភព៖បរទេស


adverise with khmeread